ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនព្រះខ័នរាជ្យម្នាក់ ពីបទ ហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីបើកម៉ូតូបុកគ្នាជាមួយជនរងគ្រោះបន្តិចបន្តួចសោះ បានក្លាយជាហិង្សា កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃអង្ការ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវសុធារសកែងផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនដៃដល់ ឈ្មោះ ឈុន ចិត្រា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនព្រះខន៍រាជ្យ ស្នាក់នៅផ្ទះលេខ១៤០ ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿង ម៉ាកzoomerX ពណ៍សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1DQ-1389 លេខតួនិងលេខម៉ាស៊ី MlLJF620XG5034279 ។ ជនរងគ្រោះឈ្មោះ វណ្ណ ចាន់រ៉ា ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់លំបុត្ររថយន្តឈ្នួល ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវលេខ ១៣ សង្កាត់ វត្តភ្នំ ខណ្ឌ​ ដូនពេញ រាជធានី​ ភ្នំពេញ រងរបួសចំដើមទ្រូងនិងក្បាលពោះ បញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤០នាទីរសៀល ជនសង្ស័យបានជិះម៉ូតូតាមបណ្តោយផ្លូវសុធារសពីទិសខាង ជើងទៅត្បូងចំណែកជនរងគ្រោះបានជិះម៉ូតូពីត្បូងទៅជើង(បញ្ច្រាសទិសគ្នា) ពេលភាគីទាំងសងខាងជិះម៉ូតូមកដល់ចំនុចផ្លូវសុរ៉ាម្រិតកែងផ្លូវសុធារសភូមិ២ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានី​ ភ្នំពេញ ម៉ូតូទាំងពីរបានបុកគ្នាបណ្តាលឲ្យម៉ូតូដួលទាំងសងខាង ធ្វើឲ្យជនសង្ស័យខឹងហើយបានធ្វើសកម្មភាពទាត់ធាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសភ្លាមនោះកំលាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ចតុមុខឃើញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកទីស្នាក់ការប៉ុស្តិ៍ចតុមុខ ។ ចំណែកជនរងគ្រោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖