ភ្នំពេញ ៖ នារីម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿង គេចពីម៉ូតូបានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូង ផ្លូវបណ្តាលឲ្យធ្លាក់ចូលក្នុងលូទឹកស្អុយ និងផ្ទុះកង់មុខផ្នែកខាងឆ្វេង និងបណ្ដាលឱ្យរងរបួសផងដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ១០៥ ត្រង់ចំណុចទល់មុខនឹងហាងលក់សំបកទូរស័ព្ទហេឡូហ្វរយូ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6183 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយសារតែមិនចង់ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទើបម្ចាស់រថយន្តបានសម្រេចចិត្តទៅគេចពីម៉ូតូខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មពេញទំហឹងតែម្តង បណ្តាលឲ្យផ្ទុះកង់ផ្នែកខាងមុខ និងរងការខូចខាតយ៉ាងដំណំផងដែររីឯរបាំងថ្មបានខ្ទាតធ្លាក់ចូលក្នុងលូទឹកស្អុយផងដែរ នឹងបណ្តាលអោយនារីម្នាក់ដែលជាអ្នកបើកបរនោះបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសំណង លើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕ ភារ៉ា ដង្កោ