ព័ត៌មានទាន់ហេតុការណ៍៖

អំពើ​មនុស្ស​ឃាត​មួយ​កើតឡើង​នៅ​ក្រុង​ព្រះសីហនុ​ ជាង​ដប់​ម៉ោង​ក្រោយ​មក​ ចាប់​ឃាតកបាន​នៅ​ខេត្ត​សៀមរាប​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ កុល​ ផាលី​ ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹងថា ៖ កាល​ពី​វេលា​ម៉ោង​២២និង៣០នាទី​យប់​ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​ កន្លង​ទៅ​នេះ​ មាន​អំពើ​មនុស្ស​ឃាត​មួយ​កើតឡើង​ នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ (ភ្នំ​ប៉ះ​ប៉ើក​ក្រោយ​សាលា​វិទ្យាល័យ​មិត្តភាព)​ បណ្តាលឲ្យជនរងគ្រោះ​ជា​មេ​ការ​សំណង់​ម្នាក់​ ស្លាប់​ ក្រោយ​ពី​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។

ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ​ ៣៦ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅ​ការដ្ឋានសំណង់​ ក្រោយ​សាលា​វិទ្យាល័យ​ហ៊ុន​ សែន​ មិត្តភាព​ ក្រុង​ព្រះសីហនុ​ មានស្រុកកំណើតនៅភូមិគ ឃំុជីក្រែង​ ស្រុកជីក្រែង​ ខេត្តសៀមរាប ។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះភ្លាម លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណារិន្ទ​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ​ បាន​បញ្ជា​ណែនាំ​ ឲ្យ​កម្លាំង​ជំនាញ​បើក​ការ​ ស៊ើប​អង្កេត​រុករក​ មុខ​សញ្ញា​ជា​បន្ទាន់​។

អំពើ​មនុស្ស​ឃាត​នេះ​ ផ្តើម​ចេញ​ពី​ទំនាស់​រឿង​លុយ​កាក់​ ដែល​មេការ​សំណង់​ជា​ជន​រង​គ្រោះ​ បើក​ប្រាក់​ឲ្យ​កម្មករ​មិន​បាន​គ្រប់​គ្នា​ នៅ​ខ្វះ​២នាក់។

សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​សង្ស័យ​បាន​ចំនួន​៣​នាក់​ តែ​ជន​សង្ស័យ​ ក្រោយពេល​កើតហេតុ​ បាន​ជួល​រថយន្ត​តាក់ស៊ី​ ជិះ​គេច​ខ្លួន​ ទៅ​កាន់​ខេត្ត​សៀមរាប​ និង​មាន​បំណង​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ​ទៀត​ផង​១.ឈ្មោះភោគ សុផាត ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានស្រុកកំណើត​ នៅភូមិស្រិញ ឃំុជីក្រែ ស្រុកជីក្រែង ខេត្តសៀមរាប។ ២.ឈ្មោះអុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតខេត្តបាត់ដំបង ។ ៣.ឈ្មោះឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ​ មុខរបរកម្មករសំណង់ មានស្រុកំណើត​ នៅភូមិស្តៅ ឃំុអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោក​ឧត្តម​សេនីយ៍​ត្រី​ កុល​ ផាលី បាន​បញ្ជាក់​ថា​ ៖ ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ ល្អ​ រវាង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ នៅ​វេលា​ម៉ោង​៧ព្រឹក​ ថ្ងៃទី​២​៣​ខែ​តុលា​ ឆ្នាំ ២០១៨ កន្លង​ទៅ នេះ នគរបាល​ខេត្តសៀមរាប​ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​បី​នាក់​បាន​រួច​ហើយ​ នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ទៅ​ទទួលយក​មុខ​សញ្ញា​ នៅ​ខេត្ត​សៀមរាប​ តាំង​ពី​ថ្ងៃទី​២​៣​ ខែតុលាមក​ម្ល៉េះ​ ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ នៅ​ខេត្ត​ព្រះសីហនុ​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖