ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូពេលយប់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកអូសជាង៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចស្រុកបារាយណ៍បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៨ថា មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲស្លាប់បុរសម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១២នាទីយប់ ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

អ្នកបើកបរ និងរថយន្តមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចពីកន្លែងកើតហេតុបាត់ ទិសដៅពីត្បូងទៅជើង។ ម៉ូតូម៉ាកវេវ ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរ និងអសយដ្ឋាន មិនស្គាល់ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្តាំ រួមផ្សំនឹងរថយន្តមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។ ចំណែកសាក សពប្រគល់ជូនលោកមេភូមិយកទៅតម្កល់ទុកនៅវត្តអ្នកវាំងដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ ៕ ប៊ុនរិទ្ធី


ចែករំលែក៖