ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថ​បំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន​ ក្រោយសកម្មភាពស្រាវជ្រាវ៤ថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល៖ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បំបែកសំណុំរឿងករណី ឃាតកម្មគិតទុកជាមុន (កាប់នឹងពូថៅ) បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវ អស់រយ:ពេលបួនថ្ងៃ ។

ប្រភពឲ្យដឹងថា ដោយអនុវត្តន៍នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក បណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

ជាក់ស្តែងករណីឃាតកម្មគិតទុកជាមុន មួយកើតឡើងកាលពីវេលាម៉ោង១៩និង០៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជា០៥ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានដឹកដីចំណុចកើតហេតុ បានប្រើប្រាស់ពូថៅជាអាវុធកាប់ចំក្បាលទៅលើជនរងគ្រោះឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅក្នុងការដ្ឋានដឹកដីជាមួយគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងស្រុក ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានតាមជំនាញនីតិវិធីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ។

ក្រោយពីជំនាញចុះស្រាវជ្រាវតាមនីតិវិធីជំនាញ ក្រោមបញ្ជា និងការយកចិត្តទុកដាក់ទាំងមធ្យោបាយ ថវិកា របស់លោកមេបញ្ជាការ លោកមេបញ្ជាការរងទទួលការងារជំនាញ វ.ឯក ទូច អីុណាន បានចុះដឹកនាំផ្ទាល់កម្លាំងជំនាញខេត្ត និងស្រុកពាក់ព័ន្ធ សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បានពុះពារស្វែងរកមុខសញ្ញាជនសង្សយ័តាមបច្ចេកទេសបទពិសោធន៍ជំនាញ ជាបន្តបន្ទាប់ដោយជនឃាតកបានរត់គេចទៅលាក់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងចុងក្រោយសង្ងំលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញស្រាវជ្រាវរកចាប់បានជនសង្សយ័ឈ្មោះ ហេង ស៊ីរ៉ា នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះវេរលុយ ទ្រូម៉ាន់នី ជាប់ផ្លូវជាតិលេខ៦.អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយសារមានការសម្របសម្រួលកិច្ចនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពាក់ពន្ធ័ តាមដំណាក់កាលនិមួយៗ ក្នុងការពន្លាតសមត្ថកិច្ចដែនដីផងដែរ និងដោយមានកិច្ចសហការល្អរវាងជំនាញកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ ឃាតក រូបនេះបានសារភាពថា ក្រោយពីខ្លួនមានទំនាស់ពាក្យសំដីឈ្លោះប្រកែក វាយតប់គ្នាជាមួយជនរងគ្រោះនៅកន្លែងផឹកសុីខាងលើ រូបគេ(ជនសង្សយ័) ក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះតែម្តង ហើយក៏រត់ទៅលាក់ខ្លួននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនពេលរូបគេកំពុងវេរលុយនៅផ្ទះវេរលុយជាប់ផ្លូវជាតិលេខ៦.អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងជំនាញឃាត់ខ្លួន និងកំពុងបន្តនិតិវិធីដើម្បីចាត់ការតាមផ្លូវច្បាប់​ ៕


ចែករំលែក៖