ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល ធ្ងន់ធ្ងរ ខណៈជិះម៉ូតូហុងដាសេ១២៥ ស៊េរី២០១៨ មួយគ្រឿង បុកគូថ រថយន្តកុងតឺន័រសន្ដោងរ៉ឺម៉កមួយគ្រឿង ដែលឈប់ចតពីមុខស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ចំណុចគីឡូម៉ែត្រលេខ១៦៥>១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យកាសែតនគរវត្តដឹងថា បុរសដែលរងរបួសមានឈ្មោះ អ៊ុំ រ៉ាម៉ូ អាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរ បម្រើការងារនៅហាងចិន មានទីលំនៅភូមិ ព្រែកពក ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C ១២៥ ( ស៊េរី២០១៨) ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L 6665 ខូចខាតទាំងស្រុង ។ ចំណែកអ្នកបើករថយន្តកុងតឺន័រសណ្ដោងរ៉ឺម៉ក មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនភ្លាមៗ ។
បើតាមសាក្សីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើត ទៅលិចនៅលើផ្លូវជាតិលេខ១ ដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកនិងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ 51C-25327និងស្លាកលេខកន្ទុយរឺម៉ក51R-16886ពីក្រោយដែលឈប់ចតលើផ្លូវស្របទិសគ្នាយ៉ាងពេញទំហឹង រងរបួសធ្ងន់ខ្លួនឯង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។
វត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន