ខេត្តកណ្តាល៖ បុរសចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម លើព្រះវិហារ ដោយសង្ស័យថា ស្លាប់សោយសារខ្យល់គរ ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើព្រះវិហារ វត្តអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកល្វាឯមបានឲ្យ ដឹងថា ជនរងគ្រោះឈ្មោះ មៀច ពៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថាកន្លងមកជនរងគ្រោះធ្លាប់មានជំងឺលើស ឈាម មុនពេលកើតហេតុ ជនរងគ្រោះមានអការទាញដៃ ទាញជើង ពេលនោះព្រះសង្ឃនៅក្នុងព្រះវិហារបានឃើញ ក៏នាំគ្នាយកក្រូចឆ្មា និងខ្ទឹមស មកលាបលើ ក និងដងខ្លួនជនរងគ្រោះ បន្ទាប់មកជនរងគ្រោះមានសភាពធូរស្រាល បន្តិច ហេីយបានដេកនៅក្នុងព្រះវិហារតែម្នាក់ឯង ។ រហូតដល់ម៉ោង២ទៀបភ្លឺព្រះចៅអធិការវត្តបានឲ្យលោកនេនទៅមើលម្ដងទៀត ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ។ រួចបានឲ្យកូន សិស្សលោកទៅហៅក្រុមគ្រួសារ មកមេីល និងបានផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ ពិតប្រាកដមែន ។ សពបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ ស្អាងជ័យ