ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញនារីម្នាក់ដេកជិតម៉ូតូមាន​ស្មារតី​វង្វេងវង្វាន់​ នៅតាមចិញ្ចើមផ្លូវ​តែម្នាក់ឯងសង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ

ចែករំលែក៖

ភ្នំពេញ: នារី​​ម្នាក់ ដេកជិតម៉ូតូមួយគ្រឿងនិងមាន​ស្មារតី​វង្វេងវង្វាន់​ នៅលើឃឿនតាមចិញ្ចើមផ្លូវ​តែម្នាក់ឯងសង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ ត្រូវសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ ល្បាតក្នុង​មូល​ដ្ឋាន​ឃើញ។

​ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ម៉ោង​ជិត២៤​ ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​ តាមបណ្ដោយ​ផ្លូវម៉ុងរិទ្ធី​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ ​។

ប្រភពពត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ កម្លាំង​ពួកគាត់​បានជិះល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​។ ខណៈមកដល់​ចំណុច​កើត​ហេតុ​​ក៏​ប្រទះ​នារី​ម្នាក់​ដេក​នៅលើដី​ជិត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ZOOMER-X ពណ៌ស្វាយលាយខ្មៅ​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​1FT-9310​ ​។ ពេល​នោះ​កម្លាំង​ពួកគាត់​ក៏​បាន​ចូល​ទៅ​ដាស់សួរនាំ​ តែនារីនោះមានសភាព​វង្វេងវង្វាន់​បាត់​បង់​ស្មារតី​ និយាយមិនដឹងរឿង​ហាក់ដូចជាត្រូវគេដាក់ថ្នាំសណ្តំ​។ បន្ទាន់​មកកម្លាំង​សមត្ថកិច្ច​ក៏​បានព្យាយាមយកទូរសព្ទដៃរបស់នារីរងគ្រោះដើម្បីទាក់ទងរកសាច់ញាតិ​ តែដោយទូរស័ព្ទអស់ថ្ម​ ទើបមិនអាចទាក់ទងទៅរកសាច់ញាតិបាន ហើយក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាងនោះ​ បានជួយយកក្រូចឆ្មារ​ និង​មើម​ខ្ទឹម​ មកឲ្យនារីរងគ្រោះបៀម​ និងញីមុខដើម្បីឲ្យស្វាងឡើងវិញ។

ប្រហែលជាងមួយម៉ោងក្រោយមក​ នារី​នោះក៏មានស្មារតីតិចៗឡើងវិញ​ ហើយក៏ទាមទារម៉ូតូពីសមត្ថកិច្ចជិះត្រឡប់ទៅផ្ទះវិញនៅឯម្តុំអធិការដ្ឋាននគរបាលខណ្ឌទួលគោកដោយខ្លួនឯង​ តែកម្លាំងសមត្ថកិច្ចមិនព្រមប្រគល់ម៉ូតូឲ្យនារីរងគ្រោះនោះទេ​ ព្រោះឃើញស្ថានភាពរបស់នាងមានភាព​ទន់​ខ្សោយ​ដូចជាមនុស្សស្រវឹង​ស្រា​ ឈរ​ទប់​ខ្លួន​មិននឹង។

បើតាមសម្តី​ពីនារីរូបនេះបានប្រាប់ទាំងសភាព​វង្វេងវង្វាន់​ថា​ រូបនាងមានឈ្មោះ​ រង្សី​ អាយុ​២៤ឆ្នាំ​ ស្នាក់នៅម្តុំបឹងសាឡាង​ ក្បែរ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ហើយមុនពេលកើតហេតុសង្សាររបស់នាងបានជិះឌុបរូបនាង​មកដល់ចំណុចកើតហេតុ​ រួចសង្សាររបស់នាងក៏​ចាកចេញ​ពីទីនោះ​ដោយទុកនាងចោល​នៅកន្លែងកើតហេតុតែ​ឯង​។

បន្ទាប់ពីកើតហេតុដោយនារីរងគ្រោះ​ ទាមទារ​តែ​ទៅផ្ទះ​របស់ខ្លួនវិញដែលនៅម្តុំបឹងសាឡាង​ក្បែរ​និង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ហើយកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ក៏ព្រម​ ជូននារីរូបនោះទៅផ្ទះរបស់នាងវិញ​ ដែលនៅតាមបណ្តោយផ្លូវ២៦១​ ក្បែរ​ នឹង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ស្ថិតក្នុងសង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក។ ខណ:ដែល​ទៅដល់​គឺសោទ្វារ​ផ្ទះដែល​នារីរស់នៅ​ខាងលើ​ ប្រាប់ថាជាផ្ទះរបស់ខ្លួននោះគឺចាក់មិនត្រូវនោះទេ ហើយដោយ​អស់ជម្រើសកម្លាំងសមត្ថកិច្ចក៏បានដឹកនារីរងគ្រោះទៅសម្រាក់នៅគ្លីនិកឯកជន​ហុងហាក់​ ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាល​ រង់ចាំនារីខាងលើនោះដឹងខ្លួនឡើងវិញហើយទាក់ទងទៅសាច់ញាតិនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖