ភ្នំពេញ៖ បុរសម្នាក់ស្រាវឹងជិះម៉ូតូបោះពួយយ៉ាងលឿន និងព្យាយាមវ៉ាជែងតែមិនផុតទាក់ដៃចង្កូត និងពីក្រោយរថយន្តមួយគ្រឿង រួចក៏ខ្ទាតឆ្លងទៅបុកថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចខាងផ្សារបឹងបៃតង តាមបណ្ដោយផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6462 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានចាប់ហ្វ្រាំង ព្រោះដោយអ៊កហ្សើ និងរថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខ ។
ខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I-8068 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង មកពីក្រោយ និងក្នុងល្បឿនលឿន ហើយបានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តខាងលើ តែវ៉ាមិនផុតក៏ទាក់ដៃចង្កូត និងគូទរថយន្តស្តារិចខាងលើ បណ្តាលឲ្យម៉ូតូជ្រុលឆ្លងទៅផ្លូវម្ខាងទៀត ទៅបុក និងរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាហាយប្រ៊ិជ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-6865 ដែលបើកបរដោយស្ត្រី២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបង្កឲ្យរថយន្តរងការខូចខាតកំពិតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង ។ ចំណែកឯម៉ូតូរងការខូចខាតវៀចចង្កូត រីឯបុរសជាអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេង ហើយភ្លាមៗនោះក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក ពន្លឺ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញក៏បានចុះមកវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ចាន់ធឿន