ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម RED Picture បានចេញសារប្រតិកម្មខ្លាំងមួយភ្លាមៗក្រោយពីរោងភាពយន្តចង់ឲ្យលើកពេលចាក់បញ្ចាំងស្នាដៃភាពយន្តខ្មែរ រឿង បិសាចគំនូរ របស់ផលិតកម្មខ្លួន ព្រោះតែរោងភាពយន្តចង់ចាក់បញ្ចាំងភាពយន្តថៃជំនួសវិញ ។ ផលិតកម្ម តារាសម្តែង និងអ្នកគាំទ្រភាពយន្តខ្មែរស្នើឲ្យរោងភាពយន្តគោរពលើការព្រមព្រាង ឲ្យតម្លៃភាពយន្តខ្មែរ និងបង្ហាញហេតុផលសមរម្យមួយ ដែលអាចទទួលយកបាន ។
តាមការគ្រោងទុករឿង បិសាចគំនូរ របស់ផលិតកម្ម RED Picture គ្រោងនឹងចាក់បញ្ចាំងលើកដំបូងចាប់ពីថ្ងៃទី០១ខែវិច្ឆិកានេះ ដោយមានទាំងការផ្សព្វផ្សាយ ចែកលិខិតអញ្ជើញសិល្បករ និងភ្ញៀវចូលរួមសម្ពោធផងដែរ ប៉ុន្តែស្រាប់តែលេចចេញបាតុភាពមួយ ដែលធ្វើឲ្យផលិតករ និងសិល្បករស្រងាកចិត្ត ។
លោក ឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្ម និងអ្នកដឹកនាំសម្តែងក្នុងផលិតកម្មនេះបានបញ្ជាក់ថា ប្រសិនបើខ្សែភាពយន្តរឿង បិសាចគំនូរ មិនអាចចាក់បញ្ចាំងនៅរោងភាពយន្តណាមួយនៅថ្ងៃទី០១ខែវិច្ឆិកាខាងមុខនេះលោក តារាសម្តែង ព្រមទាំងទស្សនិកជនជាអ្នកគាំទ្រស្នើសុំហេតុផលមួយសមរម្ភច្បាស់លាស់ ដែលអាចទទួលយកបានហើយលោកនឹងព្រម ប៉ុន្តែប្រសិនបើគ្រាន់តែជាហេតុផលរឿងខ្មែរប៉ះជាមួយរឿងថៃ ហើយឲ្យរឿងខ្មែរដូរថ្ងៃចាក់បញ្ចាំង លោកសុំមិនទទួលជាដាច់ខាត ហើយបងប្អូន ដែលគាំទ្រភាពយន្តខ្មែរ ដែលតែងតែជួយលើកទឹកចិត្តផលិតករ និងតារាសម្តែងទាំងអស់មិនគួរត្រូវមកស្លាប់ទឹកចិត្តដោយសារមូលហេតុនេះនោះទេ ។
លោកចោតជាសំណួរថា តើលោកត្រូវមានទឹកចិត្តផលិត និងពង្រឹងគុណភាពបន្តទៀតទេ ហើយតើតារាសម្តែងមានទឹកចិត្តថតភាពយន្តទៀតទេ បើគ្រាន់តែសុំបញ្ចាំងក្បែរគេផងពុំបាន ។ លោកសង្ឃឹមថារឿងខ្មែរដ៏កម្សត់មួយនេះនឹងអាចសុំបញ្ចាំងក្បែរគេផងចុះ ។
គួរបញ្ជាក់ផងដែរថាភាពយន្តខ្នាតធំរឿង បិសាចគំនូរ របស់ផលិតកម្ម RED Picture បានសម្រិតសម្រាំងផលិតអស់រយៈពេលជាច្រើនខែ ដោយចូលរួមដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង លោក ជា សុវណ្ណនរាហ៍ អ្នកនាង សុខ សោម៉ាវត្តីជាដើម ។ ភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី០១ខែវិច្ឆិកាខាងមុខនេះ ។ ទោះជាយ៉ាងណាបញ្ហា ចម្រូងចម្រាសនេះនៅមិនទាន់លេចចេញដំណោះស្រាយ ឬការបញ្ជាក់តបពីតំណាងរោងភាពយន្តនៅឡើយ ប៉ុន្តែកន្លងមកភាពយន្តខ្មែរមួយចំនួនត្រូវបានបដិសេធមិនទទួលចាក់បញ្ចាំង ឬត្រូវបានគេលើកពេលព្រោះតែត្រូវទុកម៉ោងសម្រាប់ចាក់បញ្ចាំងភាពយន្តបរទេសជំនួសវិញ៕ វឌ្ឍនា