ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានមូលមតិគ្នាជាឯកច្ឆន្ទ័ ផ្តើមធ្វើអង្គកឋិនទានសាមគ្គី១ ដង្ហែទៅវេរ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័(ហៅវត្ដវង្គត់បុរី) ស្ថិកក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទទួលបានបច្ច័យចំនួនជាង២៥ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ ។
កម្មវិធីប្រារព្ធសាសនានេះ បានធ្វើឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវ និងថ្ងៃទី២៥តុលា ឆ្នាំ២០១៨ បានជួបជុំពុទ្ធបរិស័ទ បងប្អូនញាតិមិត្ត មន្ត្រីរាជការអ្នកផ្តើមបុណ្យដើម្បីប្រារព្វពិធីក្រុងពាលី និងនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត និងសំដែងធម៌ទេសនានៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយមានការចូលបច្ច័យទៅតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការី ជនមានមាតា បិតាជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណ ក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែល ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភា ពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា អង្គកឋិនទានដង្ហែទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័នេះ បានបច្ច័យចំនួន២៥៩៨៧៥ដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ ។
ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទសមាស ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាថា៖ ពុទ្ធបរិសទ័នាំគ្នាធ្វើបុណ្យ កឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទាន ថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង ។ អាស្រ័យហេតុនេះ ទើបមានការសំគាល់ថា បើវត្តណា ដែលដល់រដូវកាលកឋិនហើយ គ្មាននរណាហែអង្គកឋិនចូលទេ គឺជាវត្តមិនស្មើមុខនឹងវត្ត ដែលមិនបានទទួលអង្គកឋិនទាន ។
តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃ ដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំ ព្រះវស្សាអស់វរៈបីខែដោយបរិបូណ៍ ពុំមានដាច់កិច្ចចូលវស្សា ព្រោះកន្លងវិន័យ ដោយប្រការណាមួយឡើយ ។ រីឯវត្ត ដែលពុំមានភិក្ខុសង្ឃគង់ចាំព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ ៕ សំរិត