ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំមួយខ្សែប្រវែងជាង៣គីឡូម៉ែត្រ ចាក់ក្រួសក្រហមជាលុយមូលនិធិឃុំសំអាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្លូវមួយខ្សែចាក់ក្រួសក្រហម ចម្ងាយជាង៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧ ជាលុយមូលនិធិឃុំ អស់ជាង៦០លានរៀល ឆ្ពោះទៅតាន័យ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅទីនេះ បានរៀបរាប់់ថាៈ ពីមុនផ្លូវនេះវាជាផ្លូវថ្មី ភូមិថ្មី ពិបាកធ្វើដំណើរ និងបើកបរគោយន្ត និងជិះម៉ូតូពិបាកណាស់ ព្រោះផ្លូវនេះ វាខូចដោយសារឈ្មួញរកស៊ីដឹកឈើ ចូលសិប្បកម្មនានា ក្នុងភូមិឆ្វាំងនេះ ទើបធ្វើឲ្យវាកើតជង្ហុក ដក់ទឹក ភួកជ្រៅៗ ពិបាកក្នុងការដឹកជញ្ជូនដាំណាំផ្សេងៗ ដែលពួកគាត់ប្រមូលផលបានចេញពីចំការរបស់ពួកគាត់ ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះជិន សុផល ភេទស្រី រស់នៅភូមិឃុំ ចំណុចខាងលើបានឲ្យដឹងថាៈ ក្នុងការធ្វើផ្លូវចូលមកភូមិរបស់គាត់នេះ នឹងងាយស្រួលដឹកកសិផលផ្សេង ដែលប្រមូលផល ពីស្រែចំការមិនឲ្យលំបាកដូចមុនទៀតទេ មានការត្រេកអរយ៉ាងខ្លាំងដែលអាជ្ញាធរ បាលមើលឃើញផ្លូវមួយខ្សែនេះ មានចម្ងាយជាង៣គីឡូម៉ែត្រ ចូលមកចំណុច ដែលពួកគាត់កំពុងរស់នៅជាច្រើនឆ្នាំហើយ ក៏រងវេទនាក្នុងការធ្វើដំណើរដែរ ទើបតែពេលនេះ បានអាជ្ញាធរភូមិ ឃុំ និងស្រុក ខេត្ត មើលឃើញ បានផ្តល់ផ្លូវមួយខ្សែនេះ ដល់ពួកគាត់ ។

ប្រជាពលរដ្ឋ ក៏បានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលកំពុងស្ថាបនាផ្លូវផងនេះផងដែរ ដែលបានធ្វើផ្លូវឲ្យពួកគាត់ តាមអនុសាសន៍សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យដ៏ឆ្នើម មានផ្ទះ មានផ្លូវ ផ្លូវជាសសៃឈាមរបស់ពលរដ្ឋ ផ្លូវជាសសៃនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង ។ សម្តេចទាំងទ្វេ លោកតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមជូនពរសម្តេចទាំងទ្វេឲ្យមាន អាយុយឺនយូរ និងសុខភាពល្អតរៀងទៅ ។

តាមការឲ្យដឹង ពីកូន ចៅ អ្នកម៉ៅការធ្វើផ្លូវខាង ឈ្មោះ ស្នា វី ហើយមេការគេ ឈ្មោះម៉ាត់ ហាស់សាន់ ជាជនជាតិខ្មែឥស្លាម បានបញ្ជាក់ថា គេទទួលម៉ៅការនេះពីមេឃុំ ស្រុក ធ្វើផ្លូវមួយខ្សែនេះ ចម្ងាយពីផ្លូវជាតិចូលទៅមានប្រវែង៣គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលក្រួសក្រហមកម្រាស់៥តឹក ទទួលម៉ៅការនេះ ក្នុងទឹកប្រាក់ជាង៦០លានរៀល ជាលុយរបស់មូលនិធិឃុំ ហើយក្នុងការធ្វើនេះ ប្រហែលជា១ខែកន្លះ ទើបហើយជាស្ថាពរ បើមេឃមិនភ្លៀង មិនរអាក់រអ៊ួលនោះ ។

ចំណែកលោកគាំ សារាំ ជាមេឃុំសំអាង លោកមិនអាចបញ្ជាក់បានទេ ក្នុងបញ្ហារឿងនេះ ព្រោះលោកជាប់រវល់ ហើយ ក៏មិនចាំដែរ មិនដឹងថា ប៉ុន្មានគីឡូម៉ែត្រ ទទឹងប៉ុន្មាន កម្រាស់ប៉ុន្មានទេ តែលោកគ្រាន់តែបញ្ជាក់ថា ជាលុយមូលនិធិរបស់ឃុំ ក្នុងការធ្វើផ្លូវនេះ ហើយលោក ក៏អត់ចាំដែរ ព្រោះឯកសារនៅផ្ទះ ។

គួររំលឹកថា ក្នុងការធ្វើផ្លូវមួយខ្សែនេះ លោកមេឃុំ សូម្បីតែទឹកប្រាក់មូលនិធិរបស់ឃុំផ្ទាល់ ក៏លោកមិនដឹងដែរ ថ្ងៃចុះធ្វើ ក៏លោកមិនចាំ ចម្ងាយគីឡូម៉ែត្រ ក៏លោកមិនបានដឹង ឬបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបានទេ កាលពីថ្ងៃទី២៥ ខែតុលា លោកថា ជប់ប្រជុំ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ លោកថា ជាប់រវល់ទៀត ៕ មាស សុផាត


ចែករំលែក៖