ព័ត៌មានទាន់ហេតុការណ៍៖

ថយរថយន្តចេញពីហាងមិនប្រយ័ត្នជ្រុលបុកយុវជនម្នាក់កំពុងបើកម៉ូតូស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូទៅទិញបាយហូប ស្រាប់តែមានរថយន្ត មួយគ្រឿងថយក្រោយលឿនមិនប្រយ័ត្ន ទៅបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូគៀបនឹងឃឿនថ្មស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង ជាង១១ព្រឹក ថ្ងៃទី ២៧ តុលា ២០១៨ នៅផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ មេសា អាយុ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ មានស្រុកកំណើតភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងភ្លើងក្នុងការដ្ធានសំណង់មួយកន្លែង បើកម៉ូតូ វីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1 AJ-7405 ។ ចំណែករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-4555 ម្ចាស់រត់គេចក្រោយបង្កហេតុ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងគេឃើញ យុវជនម្នាក់បើកម៉ូតូវីវ៉ាតាមផ្លូវលេខ១០៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្របពេលដែលរថយន្តថយចេញពីភោជណីដ្ឋាន សេវេនប្រាយឃីង បណ្តាលឲ្យបុកម៉ូតូជនរងគ្រោះ រុញផ្ទប់ជនរងគ្រោះបោកក្បាលនិងឃឿនចិញ្ចើមថ្នល់ស្លាប់តែម្តង ។ ភ្លាមៗនោះម្ចាស់រថយន្តភ័យស្លន់ស្លោ ទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ គេឃើញមាននគរបាលមូលដ្ឋាន ចុះមកអន្តរាគមន៍ និងបានទាក់ទងទៅជំនាញចរាចរខណ្ឌ និងជំនាញចរាចរក្រុង ឲ្យមកវាស់វែង ធ្វើកំណត់ហេតុ រៀបចំឯកសារ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖