ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនអញ្ជើញចូលរួមអំពាវនាវឲ្យបងប្អូនប្រជាពល រដ្ឋកុំឲ្យចាញ់បោកការឆបោកប្រាស់តាមវិស័យទូរគមនាគមន៍ និងទូរស័ព្ទដៃ

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យា និងព័ត៌មាន ដែលរៀបចំឡើងនៅសាលាសង្កាត់បយ៉ាខា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំឲ្យចាញ់បោកការបោកប្រាស់,, និងតាមវិស័យទូរគមនាគមន៍ និងទូរស័ព្ទដៃវិញ ដែលរៀបចំឡើងដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ឡាយ អង្គរ៉ា អភិបាលរងក្រុង និងលោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន និងអស់លោក-លោកស្រី មេភូមិ-ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត ។

លោកស្រីបន្តថា៖ បច្ចុប្បន្នវិស័យទូរគមនាគមន៍មានការរីកចម្រើនពីថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យយើងគ្រប់គ្នាមានភាពងាយស្រួលក្នុងការទំនាក់ ទំនងការងារ ការរកស៊ី និងបញ្ញើផ្សេងៗ ដែលមានភាពងាយស្រួល និងរហ័សជាងមុន ស្របជាមួយគ្នាផងដែរក៏មានជនខិលខូចមួយចំនួនបានយកវិស័យមួយនេះមកធ្វើជាជំនួញបោកប្រាស់តាមរូបភាពផ្សេងៗ ដូចជាការត្រូវរង្វាន់ពីការចាប់ឆ្នោតរង្វាន់ឆ្នោតសំណាងពីក្រុមហ៊ុន ធនាគារ និងអណិកជន ក៏ដូចជាបញ្ញើលុយកាក់ច្រើនសន្ធឹកសន្ធាប់ផងដែរ ។

លោកស្រីអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា៖ យើងទាំងអស់គ្នាត្រូវយល់ដឹងអំពីវិស័យទូរគមនាគមន៍ឲ្យបានច្បាស់ ទើបមិនងាយចាញ់បោកការបោកប្រាស់ផ្សេងៗ ហើយសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍ពីការសង្ស័យជនឆបោកក្នុងរូបភាពណាមួយ ដែលមានការសង្ស័យទៅដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងងមានសមត្ថកិច្ច បើសង្ស័យមានការឆបោក ហើយមិនត្រូវចំណាកស្រុកដោយខុសច្បាប់នោះឡើយ ។

ក្នុងឱកាសនោះផងដែរ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិនបានថ្លែងថា៖ ដោយមានភាពរីកចំរើនបច្ចេកវិទ្យានៃវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាបានចូលរួមចំណែកក្នុងការកសាង និងលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងជាច្រើនក៏ដូចជាការកំសាន្តផ្សេងៗ ហើយវាជាចំណែកមួយក្នុងការយល់ដឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងពាក់ព័ន្ធទៅនឹងច្បាប់ វិស័យនយោបាយ វិស័យកសិកម្ម វិស័យសុខាភិបាល ការអប់រំ និងទំនាក់ទំនងមានភាពរហ័សទាន់ចិត្ត ។

លោកស្រីប្រធានមន្ទីរបានបន្តថា៖ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ក៏ដូចជាជួយជំរុញដល់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងទៅតាមសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ។

បើតាមរបាយការណ៍របស់លោក ចាប សុជាតិ ប្រធាននាយកដ្ឋានទីផ្សាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងផងដែរថា៖ បច្ចុប្បន្នវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ និងការងារសង្គមបច្ចុប្បន្ន ដោយយើងមាន ៦០សាខា នៅទូទាំងខេត្ត-ក្រុង ដើម្បីភាពងាយស្រួលក្នុងការបម្រើសេវាផ្សេងៗ និងទទួលបញ្ញើទាំងក្នុងប្រទេស និងក្រៅប្រទេសហើយយើងមានដៃគូក្រៅប្រទេស ១៩៣ប្រទេសទូទាំងពីភពលោក ក្នុងការផ្ញើរបញ្ញើ និងទទួលបញ្ញើ ដែលមានភាពរហ័ស និងងាយស្រួលជាងមុន ។ ស្របជាមួយគ្នាផងដែរវិស័យមួយនេះក៏មានជនខិលខូចធ្វើជាជំនួញក្នុងការបោកផងដែរដូច្នះបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុសប្រយ័ត្នខ្ពស់ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕ ស សារ៉េត


ចែករំលែក៖