ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនចោរលួចម៉ូតូ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាចោរលួចម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពលួចម៉ូតូ បានសម្រេចហើយប្រុងជិះរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលកម្លាំសមត្ថកិច្ចកំពុងល្បាតក្បែរនោះ ចាប់ក្របួចជាប់ទាំង២នាក់ ។

ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានកើតឡើងវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ៣៦៩EO ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យ២នាក់ ទី១.ឈ្មោះហាយ សុវណ្ណារ៉ា ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២.ឈ្មោះផល សុវណ្ណវិចិត្រភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៏ខ្មៅ ស្លាកលេខកំពង់ចាម1K-9189 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) ។ ចំណែកជនរងគ្រោះឈ្មោះទុំប៊ុនសុីវភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតស្នាក់នៅផ្ទះជួលលេខ៣២ផ្លូវលេខ៣៣៦សង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1K-0294 ចេញពីសាលាសកលវិទ្យាលយ័ភូមិន្ទវិចិត្រសិល្បះគោលបំណងមកអង្គុយលេងនៅមាត់ទន្លេ ពេលមកដល់ជនរងគ្រោះបានយកម៉ូតូចតក្បែរចិញ្ចើមផ្លូវ មុខផ្ទះលេខ៣៦៩EO (ដែលជាទីតាំងកើតហេតុ) រួចហើយបានដើរទៅអង្គុយលេងលើបង់មាត់ទន្លេ បានប្រហែលជា១០នាទី ស្រាប់តែឮសម្លេងម៉ូតូរោទ៏យ៉ាងខ្លាំង ភ្លាមនោះជនរងគ្រោះក៏ងាកមកក្រោយ ក៏ឃើញជនសង្ស័យម្នាក់ អង្គុយលើម៉ូតូរបស់ខ្លួន ដោយបានរុញអូសបន្តិចប្រុងជិះរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះស្រែកឆោឡោ ពេលនោះកម្លាំងល្បាតរបស់ខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ជួយធ្វើអន្តរាគមន៍ដេញឃាត់ខ្លួនជនសង្ស័យនោះបានទាំង២នាក់ រួមទាំងវត្ថុតាងម៉ូតូម៉ាកClickពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AB 0294 ជារបស់ជនរងគ្រោះនិងម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1K 9189ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពយកមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ៕ ស តារា


ចែករំលែក៖