ភ្ញៀវទេសចរណ៍ ដែលចូលទៅលេងភ្នំជីសូរ ត្រូវយករថយន្តផ្ញើក្នុងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ដោយខានមិនបាន ។ លុយដែលប្រមូលបានពីរថយន្តភ្ញៀវទេសចរណ៍ មិនមែនដើម្បីយកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឬក៏ទ្រទ្រង់សកម្មភាពនានារបស់សាលានោះឡើយ ផ្ទុយទៅវិញ វាហូរចូលទៅក្នុងហោប៉ៅរបស់អ្នកម៉ៅការសាលានេះតែប៉ុណ្ណោះ ។ លោកប៉ែន ចាន់ថា សហការជាមួយលោកនាយក មាស វុឌ្ឍី និងនាយិការង សាយ សាខន ប្រមូលលុយពីរថយន្តភ្ញៀវទេសចរណ៍ ដែលចូលទៅកម្សាន្តភ្នំជីសូរ ។ ម៉ូតូមួយគ្រឿងថ្លៃ២ពាន់រៀល មិនគិតថ្ងៃឈប់ សម្រាក ឬក្នុងពេលសិស្សកំពុងរៀននោះឡើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ប៉ែន ចាន់ថា បានធ្លោយអំពីការដែលខ្លួនអាចរកចំណូលបានរាប់ម៉ឺនរៀល ក្នុងមួយថ្ងៃៗ ពីរថយន្តភ្ញៀវទេសចរណ៍ចូលកម្សាន្តភ្នំជីសូរ ហើយត្រូវយកទៅផ្ញើក្នុងបរិវេណសាលា ។ លោកប៉ែន ចាន់ថា អះអាងថា រថយន្តមួយគ្រឿង ត្រូវយកថ្លៃ២ពាន់រៀល ។ លុយនោះ ត្រូវបានលោកគ្រូ អ្នកគ្រូនៅក្នុងវិទ្យាល័យខាងលើអះអាងថា គឺជាចំណូលសម្រាប់តែលោកនាយក និងនាយិការង រួមទាំងអ្នកម៉ៅការនោះតែប៉ុណ្ណោះ ។ នៅក្នុងម៉ោងរៀន ក៏គេទទួលរថយន្តភ្ញៀវទេសចរណ៍ ដោយមិនគិតអំពីការរំខានចំពោះសិស្សដែលកំពុងសិស្សារៀនសូត្រនោះឡើយ ។ ប្រការនេះ ធ្វើឲ្យសិស្សានុសិស្សរអ៊ូរទាំដែរ ។
នៅក្នុងសាលាខាងលើនេះ ក្រៅពីបញ្ហាយកទីធ្លាផ្ញើរថយន្តភ្ញៀវយកលុយជាឯកជននោះ ក៏នៅមានរឿងរ៉ាវរបស់លោកស្រីនាយិការង សាយ សាខន ដែលឆ្លៀតលក់ពាក្យចូលរៀនសម្រាប់សិស្សថ្នាក់ទី១០មួយសន្លឹក ថ្លៃ១ពាន់រៀលនោះទៀតផង ។ ករណីខាងលើនេះ សិស្សានុសិស្ស ស្នើឲ្យការិយាល័យអប់រំ ស្រុកសំរោង ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវពិនិត្យមើលផង ពីព្រោះទីតាំងសាលា មិនគួរត្រូវបានឲ្យអ្នកដទៃបើករថយន្តចូលគ្រប់ពេលវេលា ទាំងពេលដែលសិស្សកំពុងរៀន ហើយផលប្រយោជន៍ត្រូវបានទៅលើបុគ្គលឯកជននោះឡើយ ៕