ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការដឹកនាំដោយលោក វរៈសេនីយ៍ឯក យឹម សារ៉ាន់ បាន ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្ខពួក៧នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មខាងដើរធ្វើសកម្មភាព វាយ គម្រាម ប្លន់យកម៉ូតូប្រជាពលរដ្ឋ អ្នកដំណើរ ពេលរាត្រី ។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
រហូតមកដល់រសៀលថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។
ជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបង្ក្រាបបាន ទី១.ឈ្មោះ ផាន់ វណ្ណៈ ហៅ ធិន រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ យ៉ុន ផាយុ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ រស់នៅភូមិជាមួយគ្នា ។ ទី៣ ឈ្មោះ វ៉ាត មុន្នីរក្សា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យនិងបក្ខពួកសរុបគ្នា៧នាក់ ម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង និងម៉ូតូម៉ាកBeat ចំនួន២គ្រឿង ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន៣នាក់ និងដកហូតម៉ូតូ ម៉ាកBeat មួយគ្រឿង ។
សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះ ឈ្មោះ នុន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ ជិះម៉ូតូគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៨ គ្នា៣នាក់ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះនិងមិត្តភ័ក្រ សរុបគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីកោះពេជ្យ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដល់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ត្រូវបានជនសង្ស័យ សរុប៧នាក់ ជិះម៉ូតូ៣គ្រឿង ដេញតាមពីក្រោយ មកដល់ ប្រដាប់ដោយខ្សែក្រឭវ៉ាត់ និងមួកសុវត្តិភាព កៀរម៉ូតូជនរងគ្រោះ ឲ្យបង្អន់ល្បឿនហើយ ធ្វើសកម្មភាពវាយតែម្តង ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារកម្លាំងប៉ូលីសប៉ុស្តិ៍ចោមចៅ៣ មកទាន់ឃើញកំពុងធ្វើកម្មភាពជាក់ស្តែង ក៏ ចាប់ខ្លួនបាន៣នាក់ និងម៉ូតូជនល្មើសមួយគ្រឿង ចំណែកបក្ខពួក៤នាក់ទៀតបានជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់ ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ សមត្ថកិច្ចក៏ធ្វើការសាកសួរនិងបន្តស្រាវជ្រាវ តាមចាប់បក្ខពួក៤នាក់ទៀត ហើយជនសង្ស័យ ទាំង៤នាក់នោះ ដឹងខ្លួន ទើបរត់បាត់អស់ ។ ទោះជាយ៉ាងណា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្គាល់ផិនភាគ និងផ្ទះសម្បែងអស់ហើយ ៕ សុខាសែនជ័យ