ភ្នំពេញ ៖ បុរស២នាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវហាណូយកែងនឹងផ្លូវ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យជាង៤០ឆ្នាំម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុង CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M-5617 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៧០ ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបើកឆ្លងផ្លូវហាណូយ បម្រុងបត់ឆ្វេងឆ្ពោះទៅផ្សារដីហុយ ពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-8756 បើកតាមបណ្ដោយផ្លូវហាណូយក្នុង ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុករថយន្តដែលបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កាឡេកង់និងក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេង។ ចំណែកបុរសដែលជាអ្នកបើកបរម៉ូតូរងរបួសបាក់ដៃឆ្វេងនិងបាក់ភ្លៅទាំងសងខាងហើយត្រូវរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន រស្មីដឹកយកទៅសង្គ្រោះភ្លាមៗ ។
រីឯអ្នករួមដំណើររងរបួសសន្លប់ស្ដូកស្ដឹងត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនហុងហាក់ដឹងយកទៅសង្គ្រោះភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ