ខេត្តកំពង់ស្ពឺ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ដែលបានរត់គេចខ្លួនអស់រយៈពេល៩ឆ្នាំមកហើយដើម្បីប្រគល់ឲ្យស្ថាប័នតុលាការចាត់ការ ។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាននគរបាលខេត្ត នៅចំណុច ភូមិត្បែស និងភូមិរំលោងឃុំវល្លិស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
ការឃាត់ខ្លួននេះដឹកនាំដោយ លោកវរសេនីយ៍ឯកសម សាក់ នាយការិ.បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នេះគឺជាការអនុវត្តដីកាបង្គាប់ចាប់ខ្លួនរបស់តុលាការ ដែលជនសង្ស័យ ទាំង២នាក់ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើមនុស្សឃាត ដែលបានប្រព្រឹត្ត កាលពីឆ្នាំ២០០៩នៅភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ប្រភពបន្តថាក្រោយធ្វើសកម្មភាពជនសង្ស័យគេចខ្លួនជារៀងរហូតអស់រយៈពេល៩ឆ្នាំមកហើយ ។
ជនសង្ស័យ១ឈ្មោះ ទូច ដាន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ចាប់តាមដីកាលេខ ៣៩០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ របស់លោកសុង ប៊ុណ្ណារិទ្ធ ចៅក្រមនៃសាលាដំបូងខេត្ដកំពង់ស្ពឺ ២.ឈ្មោះឆុំ ប៊ុននឿន ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង ចាប់តាមដីកាលេខ ៣៨៨ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤របស់សុង ប៊ុណ្ណារិទ្ធ ចៅក្រម នៃសាលាដំបូងខេត្ដកំពង់ស្ពឺ ។ សូមរំលឹកថាជនសង្ស័យជាប់ចោទពីបទប៉ុនប៉ងធ្វើមនុស្សឃាត ប្រព្រឹត្តនៅភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៩ ដែលមានរយៈពេល៩ឆ្នាំមកហើយ ។
បច្ចុប្បន្នមុខសញ្ញាទាំងពីរនាក់ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ