ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសំរោងទង បានបើកប្រតិបត្ដិការបង្រ្កាបមុខសញ្ញាមេកន្ទុយលេខ (ល្បែងឆ្នោតខុសច្បាប់) ម្នាក់ ដកហូតវត្ថុតាងបានមួយចំនួន ព្រមទាំងឃាត់ខ្លួនមនុស្សប្រាំមួយនាក់ ដែលសុទ្ធសឹងជាក្រុមអ្នកញៀនល្បែងមួយនេះចាត់ការតាមនីតិវិធី ។
ការបង្ក្រាបនេះធ្វើឡើង កាលពី វេលាម៉ោង ១៥ និង៤០នាទី ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិរបងច្រុះ ឃុំសំរោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាការចុះបង្ក្រាបនេះធ្វើឡើងដោយកម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងផ្នែកសន្តិសុខស្រុក បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ ដែលបានរាយការណ៍អំពីទីតាំងខាងលើលួចលាក់បើកលេងល្បែងស៊ីសងមួយកន្លែងឆ្នោតខុសច្បាប់ (កន្ទុយលេខ) ។
ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ច ឃាត់មុខសញ្ញាបានប្រាំមួយនាក់
១-ឈ្មោះ បូ សុខលី ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង
២-ឈ្មោះ ឡូត រ៉ន ភេទប្រុស អាយុ ៦១ឆ្នាំ ភូមិត្រពាំងតាឡាត់ ឃុំសំរោងទង
៣-ឈ្មោះញ៉ាញ់ តូ ប្រុស ៥០ឆ្នាំ ភូមិវត្តថ្មី ឃុំត្រពាំងល្វា ស្រុកឧដុង្គ
៤-ឈ្មោះ ជឺ សារិន ប្រុស៣៨ឆ្នាំ ភូមិចុងបឹង ឃុំសំរោងទង
៥-ឈ្មោះ ជួន ម៉ុល ភេទប្រុស អាយុ ៤០ឆ្នាំ ភូមិចង្ក្រៀនដែក ឃុំសំរោងទង
៦-ឈ្មោះ អុឹម ឡូ ភេទប្រុស អាយុ២៩ឆ្នាំ ភូមិអង្គទន្លាប់ ឃុំសំរោងទង ។
ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងទាំងនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន: បុិច ម៉ាស៊ីនគិតលេខ ១ គ្រឿង ទូរស័ព្ទ ២គ្រឿង កាបូបស្ពាយ ១ ក្រដាស សម្រាប់កត់ឆ្នោតមួយចំនួន និងលុយចំនួន ៩៥ ៥០០រៀល (ប្រាំបួនមុឺនប្រាំពាន់ប្រាំរយរៀល) ។
បច្ចុប្បន្នមុខសញ្ញាមេឆ្នោត រួមជាមួយវត្ថុតាងស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ