ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយប្រើហិង្សាលើកុមា កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេណផ្ទះជួលលេខ២៧២ ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនដៃដល់ឈ្មោះ នូ រម្យភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះជួលចំណុចកើតហេតុ ស្នាក់នៅផ្ទះជួលលេខ២៧២ ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គ្មានសារធាតុញៀន ។ ចំណែកឯជនរងគ្រោះឈ្មោះ វ៉ា នរាជ្យ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលលេខ២០៥ ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ របួសស្នាមជាំកន្ទុយភ្នែកខាងឆ្វេង ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យបានមកទារលុយថ្លៃទឹកនិងភ្លើង ពីម្តាយជនរងគ្រោះ ប៉ុន្តែទារលុយមិនបាន ។ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីរសៀល ក្មេងប្រុសរងគ្រោះ បានមកជិះកង់លេងក្នុងបរិវេណផ្ទះជួល ចំណុចកើតហេតុ រួចជនសង្ស័យបានហៅក្មេងរងគ្រោះសួរនាំពីរឿងលុយដែលម្តាយជំពាក់ និងបានយកកង់ពីក្មេងរងគ្រោះទៅទុក ។
ក្រោយមកក្មេងរងគ្រោះបានមកសុំកង់របស់ខ្លួន ពីជនសង្ស័យវិញនិងបានប្រើពាក្យសម្តីមិនសមរម្យទៅលើជនសង្ស័យ ហើយបណ្តាលឱ្យជនសង្ស័យខឹងបានយកដៃរបស់ខ្លួនវាយទៅលើក្មេងរងគ្រោះចំកន្ទុយភ្នែកខាងឆ្វេងបណ្តាលឱ្យរបួស ។ លុះដល់ម៉ោង៤និង៥០នាទីល្ងាចថ្ងៃកើតហេតុ ឪពុកក្មេងរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕តុង សីហា