ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍ខុសច្បាប់ ស្ដីពីជលផលកើតមានស្អេកស្កះ មន្រ្តីជំនាញបង្រ្កាបច្បោលច្បោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទលក្ខណៈគ្រួសារ នៅផ្ទះផែបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងឃុំស្នាអន្សា ឃុំអូរសណ្ដាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់រាយការណ៍ថា នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ គេឃើញមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថ ចុះបង្រ្កាបឧបករណ៍ខុសច្បាប់ ស្ដីពីជលផល បែបច្បោលៗ ខណៈដែលគេឃើញនៅតំបន់កំពុងបង្រ្កាបនោះ កើតមានបទល្មើសច្រើនស្អេកស្កះស្ទើរតែរប់មិនអស់ ។

ប្រភពរាយការណ៍បែបរិះគន់ខាងលើបន្តថា លទ្ធផល៖ មន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកងកម្លាំងប្រដាប់អាវុធរួមមាន របាំងស្បៃមុងចំនួន ៤ខ្សែ ស្មើនឹងប្រវែងចំនួន ៩៥០ម៉ែត្រ បង្គោលចំរឹងចំនួន ៦៥០ដើម លូកងស្បៃមុងចំនួន ៤មាត់ និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញទម្ងន់ចំនួន ៥០គីឡូក្រាម ហើយលទ្ធផលជាវត្ថុតាងនៃឧបករណ៍ខុសច្បាប់ស្ដីពីជលផលបានបំផ្លាញចោលនៅនឹងកន្លែង។

ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា លទ្ធផលទាំងនេះ៖ គេបង្រ្កាបគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ការបង្រ្កាបបែបច្បោលៗនេះអាចធ្វើឡើងសម្រាប់តែអ្នកណាដែលគ្មានការទំនាក់ទំនងជាមួយមន្រ្តីជំនាញឬស្ថាប័នអែបអប ព្រោះតំបន់នោះគេមើលឃើញឧបករណ៍ប្រភេទបទល្មើសនេសាទរាប់រយខ្សែ ជាពិសេសនៅចំណុចចំណង(ក្របី) សុទ្ធតែប្រភេទបែបទ្រង់ទ្រាយឡូត៍នេសាទតែម្ដង ដែលក្នុង ១ខ្សែៗមានប្រវែងរាប់សិបគីឡូម៉ែត្រ ហើយនៅជិតភ្នែកមន្រ្តីជំនាញ ឬស្ថាប័នអែបអបទៀត បើមានសមត្ថភាពបង្រ្កាបមួយអាទិត្យ ក៏បង្រ្កាបមិនអស់ផង ៕ ប៉ឹម ពិន


ចែករំលែក៖