ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយជិះម៉ូតូឆក់កាបូបស្ពាយស្រ្តីជនជាតិបារាំង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនជាតិបារាំងម្នាក់កំពុងដើរជាមួយមិត្តប្រុស បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែឆោឡោផ្អើលសមត្ថកិច្ចកំពុងល្បាតក្បែរដេញតាមក្របួចជាប់ម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើងវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃពុធ ៧រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១៧៨កែង ផ្លូវព្រះនរោត្តមភូុមិ០៩ សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យមានបក្ខពួក២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1I 2664មកពីក្រោយជនរងគ្រោះហើយជនសង្ស័យឈ្មោះ ហេង ភេទប្រុសអាយុប្រហែល២០ឆ្នាំ ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្រ្តីជាជនរងគ្រោះជនជាតិបារាំងដែលកំពុងដើរជាមួយមិត្តប្រុសតាមផ្លូវលេខ១៧៨ ពីទិសកើតទៅលិច បានសម្រេចហើយ ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកំលាំងល្បាតរបស់ខណ្ឌ និងកម្លាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង ឃាត់ខ្លួនបានជនសង្ស័យឈ្មោះង្វៀង យាំុងធួយ ភេទប្រុសអាយុ១៨ឆ្នាំជាអ្នកបើកម៉ូតូរួមជាមួយវត្ថុតាង ម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1I 2664 ជាមធ្យោបាយជិះធ្វើសកម្មភាពនិងកាបូបស្ពាយរបស់ជនរងគ្រោះនាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង បានរត់គេចខ្លួនបាត់។ជនសង្ស័យឃាត់ខ្លួនបានឈ្មោះង្វៀង យាំុងធួយ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិវៀតណាមមុខរបរមិនពិតប្រាកដមានទីលំនៅស្នាក់នៅលើទូកមាត់ទន្លេសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះROUX RAPHAELLE. ភេទស្រីអាយុ២៦ឆ្នាំជនជាតិបារាំងមុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ12A P66853. ស្នាក់នៅសណ្ឋាគារមណ្ឌលគីរីផ្លូវលេខ៦៣សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះង្វៀង យាំងធួយ ជាលទ្ធផលគឺអវិជ្ជមាន(គ្មានសារធាតុញៀន)។

បច្ចុប្បន្ន​ ជនសង្ស័យឈ្មោះង្វៀង យាំុងធួយ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី​ចាត់ការតាមនីតិវិធី ៕ស តារា


ចែករំលែក៖