ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅរកស្រី្តបំរើផ្លូវភេទនៅម្តុំវត្តភ្នំ មានអីត្រូវជនសង្ស័យវាយប្លន់យកទូរស័ព្ទដៃបានសម្រេច តែគេចមិនផុតពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃបានសម្រេច ហើយនាំគ្នារត់គេចខ្លួនបាត់ ជាង៦ម៉ោងក្រោយកើតហេតុ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។

ករណីនេះបានកើតឡើងវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃសុក្រថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវរង្វង់មូលខាងជើងរមណីយដ្ឋានវត្តភ្នំ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុន ធីវីរ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំភីហ្សាមានទីលំនៅផ្ទះភូមិបុតយា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងទៅរកស្រី្តដើម្បីយកទៅបំរើផ្លូវភេទ ហើយក៏បានជួបជនសង្ស័យឈ្មោះហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ និងបាននិយាយទំនាក់ទំនងសុំលេខទូរស័ព្ទពីជនសង្ស័យ ភ្លាមនោះជនរងគ្រោះបានហុចទូរស័ព្ទដៃអោយកត់លេខ ។ បន្ទាប់ពីជនសង្ស័យបានទូរស័ព្ទដៃម៉ាកអាយហ្វូន8 ពណ៌ខ្មៅ របស់ជនរងគ្រោះហើយ ក៏បានរត់ឡើងម៉ូតូបក្ខពួក ដែលនៅក្បែរនោះដើម្បីគេចខ្លួន ជនរងគ្រោះបានដេញដណ្តើមយកទូរស័ព្ទដៃមកវិញ តែត្រូវក្រុមជនសង្ស័យឈ្មោះជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំរួមជាមួយបក្ខពួក០២នាក់ទៀតបានស្ទុះវាយទៅលើជនរងគ្រោះនាំគ្នាគេចខ្លួន និងយកទូរស័ព្ទដៃរបស់ជនរងគ្រោះបាត់តែម្តង ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ ខណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយជនរងគ្រោះបានប្រតិបត្តិការស្រាវជ្រាវ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺះ

សមត្ថកិច្ចថា ជនសង្ស័យ ឈ្មោះជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ស្រ្តីរកស៊ីផ្លូវភេទ) មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រួមវត្ថុតាងចាប់យកបានមានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន8 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី​ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖