ព័ត៌មានទាន់ហេតុការណ៍៖

នាំអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខេត្ត ចែកជូនដល់ជនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយទីទាល់ក្រងាយរងគ្រោះចំនួន៧០គ្រួសារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកសៀ គឹមសែ ប្រធានមន្ទីរអតីតយុទ្ធជនខេត្ត បាននាំអំណោយចែកជូនដល់ជនងាយរងគ្រោះ៧១គ្រួសារ ដោយមានការអញ្ជើញចូលរួម ពីលោកឈឹម រតនា អនុប្រធានក្រុមប្រឹក្សាខេត្ត លោកឈាង ឡាក់ អភិបាលនៃគណៈអភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះ រួមនឹងមន្ត្រីតំណាងឲ្យមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញចូលរួមផងដែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៨.០០នាទីព្រឹក នៅក្នុងវត្តពោធិញ្ញាណ ហៅវត្តព្រះអង្គធំ ឋិតក្នុងព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

លោកសៀ គឹមសែ ប្រធានមន្ទីរសង្គមកិច្ច លើកឡើងថា នេះជាអំណោយបន្តិចបន្តួច របស់មន្ទីរសង្គមកិច្ច ហើយ ក៏មានការ ចង្អុលបង្ហាញពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាផងដែរ ហើយ ក៏មានការសហការពីលោកអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីអញ្ជើញចុះចែកអំណោយ ជូនដល់គ្រួសារងាយរងគ្រោះ ចំនួន៧១គ្រួសារ មានដូចជាជនពិការ ជនចាស់ជរា និងស្ត្រីមេម៉ាយទីទាល់ក្រងាយរងគ្រោះចំពោះមុខ ហើយអំណោយនេះ បានចែកជូនដល់ បាន៦លើកហើយ ក្នុងនោះ មានបួនសង្កាត់ ក្នុងក្រុងស្ទឹងត្រែង មានពីរឃុំ ក្នុងស្រុកសេសាន ។

លោកបន្តទៀតថា ក្នុងនោះមានអង្ករ១ប៉េ កន្ទេល១ ភួយមួយ ទឹកស៊ីអ៊ីវ១យួរ មី១កេះ ហើយអំណោយនេះ សម្រាប់ដោះបន្ទុកមួយរយះពេលដល់ពួកគាត់ ហើយក៏នៅមានអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី និងសម្តេចហ៊ុន សែន ជាអ្នកដឹកនាំប្រទេសដ៏ឆ្នើមបន្តទៀតនូវអាណត្តិទីប្រាំមួយនេះ សម្តេចទាំងពីរតែងតែគិតគូរដល់បងប្អូន ជនរួមជាតិងាយរងគ្រោះ ទីណាមានទុក្ខលំបាក ទីនោះមានសម្តេចទាំងពីរជានិច្ច។

បន្តទៀតនេះ លោកឈឹម រតនា អនុប្រធានក្រុមប្រឹក្សាខេត្ត លោកបានពាំនាំប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សាកសួរសុខទុកដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ទាំង៧០គ្រួសារ។ ជាចុងក្រោយនេះលោក ក៏បានចែកអំណោយទាំងនោះជូនដល់ពួកគាត់ ហើយ ក៏បានផ្តាំផ្ញើដល់ពួកគាត់ឲ្យចេះ ថែរក្សាសុខភាពជាចម្បង ហូបស្អាត រស់នៅស្អាត គេងក្នុងមុងជ្រលក់ថ្នាំ ដែលមន្ទីរពេទ្យចែកជូន ដើម្បីជៀសវាងក្រែងមានជំងឺ ផ្សេងៗកើតមាន វាធ្វើឲ្យខាតប្រាក់ចំណូល និងពេលវេលា ៕ មាស សុផាត


ចែករំលែក៖