ភ្នំពេញ៖ សិស្សានុសិស្ស រាជធានីភ្នំពេញ ដែលរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ដល់១០ និងសិស្សប្រឡងជ្រើសរើសសិស្សពូកែលេខ១ ដល់លេខ១០ ទូទាំងប្រទេស ចាប់ពីបឋមសិក្សា រហូតដល់វិទ្យាល័យ សរុបចំនួន៤០៦៥នាក់ បានមកទទួលរង្វាន់លើកទឹកចិត្ដប្រចាំឆ្នាំសិក្សា២០១៧-២០១៨ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបើកបវេសនកាល ឆ្នាំ២០១៨-២០១៩ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃព្រហស្បតិ៏ ៨រោចខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០១៨ ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ថ្ងៃជាថ្ងៃដែលប្អូនៗ កូនក្មួយ ត្រូវចូលសិក្សា ស្រាប់ឆ្នាំសិក្សា២០១៨~២០១៩ ទាំងសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀនផងដែរ ។
លោកបន្ដថា៖ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។ ជាមួយគ្នានោះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែរ។ លោក ឃួង ស្រេង បានលើកឡើងថា ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយរាល់បញ្ហា សង្គម និងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាព ប្រកួតប្រជែងរបស់ ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ ទៅលើការកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ។
ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយ នូវរាល់បញ្ហា សង្គមនិងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាព ប្រកួតប្រជែងរបស់ ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ ទៅលើការកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារពលកម្មផងដែរ និងដើម្បីជំរុញ ឲ្យមានការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ កម្មវិធីកំណែទម្រង់ ស៊ីជម្រៅ ក្នុងបរិបទ ទំនើប ក្នុងវិស័យបច្ចេកវិទ្យា ដែលឈរលើ មូលដ្ឋាននៃចំណេះដឹង គុណភាពនៃការអប់រំ គឺជាគន្លឺះសម្រាប់ដោះ ស្រាយ រាល់បញ្ហាប្រឈមនានា ទាំងក្នុងអភិបាលកិច្ច ។
លោកបន្ដថា៖ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការ អភិវឌ្ឍសហគមន៍ និងក្រុមគ្រួសារ ហើយសហគមន៍ គ្រួសារសាលារៀន គឺជាតួអង្គដ៏សំខាន់មួយ ក្នុងចំណោម តួអង្គស្នូល ក្នុងការកសាងធនធានមនុស្ស ព្រោះការអប់រំ ទើបមានធនធានមនុស្សល្អ សម្រាប់ការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិរបស់យើង” ។
លោក ឃួង ស្រេង ក៏បានរំលឹក នូវរឿងរ៉ាវប្រវត្តិសាស្ត្រថា៖ ក្រោយថ្ងៃរំដោះ សម្តេចតេជោហ៊ុន សែន បានគិតគូរអាទិភាពធំ តាំងពីពេលនោះមក គឺបញ្ហាបណ្តុះបណ្តាល ធនធានមនុស្សចាប់ពីពេលនោះមក ។ ឆ្នាំ១៩៧៩-១៩៨០ យើងក៏មានបើកបវេសនកាល នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីប្រមូលសិស្សានុសិស្ស ដែលសល់ ពីកាកាប់សម្លាប់ ឲ្យចូលរៀន ហើយនៅពេលនោះ ការចូលរៀន តាមរយៈ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ រហូតដល់បច្ចុប្បន្ននេះ ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ក្លាយ ទៅជាប្រទេសមួយ ដែលមានធនធានមនុស្សសំបូរបែប មានថ្នាក់បណ្ឌិត មានថ្នាក់មហាបរិញ្ញា បរិញ្ញា អនុបណ្ឌិតសព្វបែបយ៉ាង ។
ក្រោមដំបូលសុខសន្តិភាព ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវបានចូលរៀន ដោយមិនមានការភិតភ័យ អំពីសង្គ្រាម ចំណុចនេះ ជាចំណុចសំខាន់ ដែលអនុញ្ញាតិអោយខ្ញុំបាទ បានរំលឹកឡើងវិញ ជូនដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ថា រយៈពេល ៤០ឆ្នាំមកហើយ ដែលសម្តេចតេជោ បានយកជីវិតទៅប្តូរ នូវការសង្គ្រោះ ជីដូនជីតា ឪពុកម្តាយ ក្មួយៗ ហើយរួមដំណើរ ជាមួយឪពុកម្តាយក្មួយ សម្តេចបានដឹកនាំប្រទេសជាតិ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យក្មួយៗមានឱកាស ក្រេបជញ្ជក់ យកចំណេះដឹង សព្វបែបយ៉ាង ទៅតាមឧបនិស្ស័យពីធម្មជាតិ របស់ក្មួយៗ ។
សូមបញ្ជាក់ថា៖ ការប្រារព្ធពិធីនាថ្ងៃនេះ គឺជាលើកទី១៨ ដែលរៀបចំឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញ ពីការយកចិត្តទុកដាក់ មកលើវិស័យអប់រំ ។ រដ្ឋបាលរាជធានីភ្នំពេញ តែងតែគិតគូរ យកចិត្តទុកដាក់ ជារៀងរាល់ឆ្នាំ ជួយឧបត្ថម្ភគាំទ្រ ជាថវិកា និងសម្ភារៈសម្រាប់លើកទឹកចិត្ត និងសំណេះសំណាលផ្ទាល់ ផ្តល់ឱវាទ ដល់គណៈនាយក គ្រប់ គ្រងគ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឲ្យខិតខំបង្រៀន និងរៀន ។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយក អំណោយដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈសិក្សា របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចែកជូន ដល់សិស្សានុសិស្ស ជាពិសេសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ សម្រាប់ជាប់ចំណាត់ថា្នក់លេខ១ ដល់លេខ៣ បានកាតាប១ សៀវភៅ ១០ក្បាល ប៉ិច២ដើម និងថវិកា ១៥ម៉ឺនរៀល, ដោយឡែក សិស្សជាប់ចំណាត់ថ្នាក់ លេខ៣ដល់លេខ៥ បានកាតាប១ សៀវភៅ៥ក្បាល ប៉ិច២ដើម និងថវិកា ១០ម៉ឺនរៀល និងសិស្សមិនជាប់ចំណាត់ថ្នាក់ក៏ បានផ្ដល់ការលើកទឹកចិត្ដ បានសៀវភៅ៥ក្បាល ប៉ិច២ដើម និងថវិកាចាប់ពី ៨ម៉ឺនរៀលដល់១ម៉ឺនរៀល តាមពិន្ទុ របស់សិស្សផងដែរ ៕ ដោយ៖ សំរិត