ភ្នំពេញ៖ កូនតុងទីនជិត៥០០នាក់បាន ប្តឹងសុំឲ្យនគរបាលបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យអន្តរាគមន៍ និងចុះឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាមេតុងទីន ក្រោយពីបោកប្រាស់រត់ចោលកូនតុងទីន យកលុយសរុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ បានរត់គេចអស់រយៈពេលជាង៥ខែមកហើយ ។
ការឃាត់ខ្លួនខាងលើធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្សារកាណាស៊ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាកូនតុងទីន ។
ស្ត្រីដែលជាមេតុងទីនបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កូនតុងទីនបាន បានរៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីនជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បាល ។ ពួកគាត់ថា មានអ្នកមានអ្នកខ្លះ លេងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗ អ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លារ រីឯខ្លះទៀត រហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន ។
ប្រភពពីកូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តបន្ទាប់រយៈពេលជាង៦ឆ្នាំមកនេះ ស្រ្តីជាមេតុងទីនខាងលើ បានលេងជាមួយកូនតុងទីនយ៉ាងល្អប្រសើរ តែគិតត្រឹមរយៈពេលជាង៥ខែមកនេះ មេតុងទីនបានព្យាយាមមិនឲ្យកូនតុងទីនផ្សេងៗដេញយក តុងទីនដែលងាប់នោះឡើយ ហើយប្រុងរត់ចោលកូនតុងទីនទាំងអស់ ដោយគេចវេះមិនខ្ចីលើកទូរស័ព្ទនោះឡើយ និងរត់គេចខ្លួនបាត់តែម្តង អស់រយៈពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះបានដឹងថា មេកំពុងតែវេចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមនីតិវិធី៕សុខាសែនជ័យ