ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កាកាប២ ហៅនាំទៅសាកសួរបន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា នាងរួមជាមួយស្រ្តីម្នាក់ទៀត ដែលជាម្ដាយធម៌បានបីកូនតូចម្នាក់ដើរលក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរូបនោះឈ្មោះវង់ ស្រីម៉ាច អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែកស្រ្តីម្នាក់ដែលជាម្ដាយធម៌ឈ្មោះសាន រីម អាយុ៦០ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយគ្នា។
នៅមុនពេលកើតហេតុ ស្រ្តីរូបនេះរួមជាមួយម្ដាយធម៌បានបីកូនប្រុសអាយុ២ខែម្នាក់ ដើរនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ហើយបានពឹងឲ្យអ្នកជិតខាងរកអ្នកទទួលយកកូននាងទៅចិញ្ចឹម ។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម នគរបាលបានចុះនាំខ្លួនអ្នកទាំង២ទៅសួរនាំនៅប៉ុស្តិ៍ ទើបដឹងថា នាងមិនមែនលក់កូនទេ គឺនាងស្វែងរកមណ្ឌលកុមារកំព្រា ដើម្បីយកកូននាងទៅចិញ្ចឹម។
ស្រ្តីរូបនេះបានឲ្យដឹងថា នាងបានកំព្រាតាំងពីតូចមកម្ល៉េះ ដោយឪពុកម្ដាយបានស្លាប់ចោលហើយនាងមានប្ដីម្នាក់ ដែលជាជនទុរគតដូចនាងដែរ ដោយឪពុកម្ដាយព្រមទាំងសាច់ញាតិរបស់គាត់បានស្លាប់ចោលក្នុងរបបប៉ុលពត ។ ប៉ុន្តែក្រោយពេលរស់នៅជាមួយគ្នា បានរយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះ ប្ដីត្រូវបានពស់ចឹកស្លាប់ ខណៈនាំឆ្កែចូលដេញសត្វក្នុងព្រៃ។
ប្រភពដដែលបានបន្តទៀតថា ក្រោយមក នាងបានក្លាយទៅជាស្រីមេម៉ាយហើយខណៈនោះនាងមានផ្ទៃពោះ៥ខែទៅហើយ និងបានទ្រាំលំបាករហូតដល់ថ្ងៃសម្រាលកូន ដែលពេលនេះ កូនប្រុសនាងមានអាយុជាង២ខែហើយ ចំណែកនាងបានជួបការលំបាកខ្វះខាតយ៉ាងខ្លាំង និងគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូនទេ។
ទើបនាំយកកូនក្នុងបំណងទៅដាក់នៅមណ្ឌល កុមារកំព្រាមួយស្ថិតនៅខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលទៅដល់ខាងមណ្ឌលមិនព្រមទទួលយកឡើយ ទើបនាងនិងម្ដាយធម៌សម្រេចចិត្តបីកូនត្រឡប់ក្រោយវិញ ។ រួចបានពឹងអ្នកនៅជិតៗនោះ ឲ្យជួយរកទីតាំងមណ្ឌលកុមារកំព្រាផ្សេងទៀត ដើម្បីយកកូនទៅដាក់ទីនោះ ។ ព្រោះនាងមិនចង់ឲ្យកូនទៅអ្នកផ្សេងក្រៅពីមណ្ឌលកុមារកំព្រាឡើយ ហើយក្រោយមកបែរជាលេចឮព័ត៌មានថា នាងដើរលក់កូនបែបនេះទៅវិញ ៕ សុខាសែនជ័យ