ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ដេកស្លាប់ដោយគ្មានណាដឹង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ដេកស្លាប់កាលពីវេលាម៉ោង ០៦និង៣០ នាទីព្រឹក កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពឈ្មោះ ទូច លីន ភេទប្រុស អាយុ ៥៤ ឆ្នាំ នៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ ។

តាមការបំភ្លឺពី ឈ្មោះ យា សុខហៃ ភេទប្រុស អាយុ ៣៤ ឆ្នាំនៅភូមិជាមួយ ហើយត្រូវជាក្មួយបង្កើតបានបញ្ជាក់ថា សព្វថ្ងៃពូរបស់ខ្លួនឈ្មោះ ទូច លីន មុនពេលស្លាប់មិនត្រូវគ្នាជាមួយប្រពន្ធទេ ហើយក៏មិនទៅរស់នៅជាមួយកូនចៅដែរ អត់ឃ្លានមានសុីគឺមកស្នាក់នៅផ្ទះខ្លួនជួនហូបបាយ ហើយពេលខ្លះមិនហូបទេ ផឹកស្រារាល់ថ្ងៃ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលា ម៉ោងប្រហែល ១៨ ជាង គាត់ផឹកស្រាសកន្លះលីត្រ រួចដេកលើគ្រែក្រោមផ្ទះខ្លួន លុះព្រឹកឡើងវេលាម៉ោងប្រហែល០៥.០០ នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខ្លួនងើបចុះដីស្រាប់តែឃើញគាត់រងាញាក់ហើយឲ្យខ្លួនកោសខ្យល់ឲ្យ គាត់ក៏សម្ងំដេកលក់ រហូតដល់ម៉ោងប្រហែល០៦,៣០ នាទីព្រឹកថ្ងៃដដែលដាស់គាត់ ទើបដឹងថា គាត់ស្លាប់បាត់ហើយ ។

ទទួលព័ត៌មានកម្លាំងជំនាញស្រុកនិងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន និងគ្រូពេទ្យបានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ ។

សន្និដ្ឋាន ស្លាប់ដោយគាំងបេះដូង (ខ្យល់គរ) ពិតប្រាកដមែន ។ មូលហេតុ ផឹកស្រាមិនសូវហូបបាយ ជីវភាពខ្វះខាតហើយមិនត្រូវគ្នាជាមួយប្រពន្ធផងគ្មានអ្នកមើលថែ ។

សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖