ខេត្តកណ្តាល៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកា ឃុំខ្លួនតៃកុងរថយន្ត ដែលចតរថយន្តចោលអតដាក់ស្លាកសញ្ញាសម្គាល់ បណ្តាលឲ្យបុរសម្នាក់បើកទៅបុកពីក្រោយរថយន្តស្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “បើកបរដោយធ្វេសប្រហែសមិនប្រុងប្រយត្ន័បណ្តាលឲស្លាប់អ្នកដទៃ” ដែលប្រព្រឹត្តនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១និង២០ នាទី តាមមាត្រា៨៥ នៃច្បាប់ស្តីពីការចរាចណ៍ផ្លូវគោក ។
ជនត្រូវចោទមានឈ្មោះ ឈិន រ៉ាំ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរបើកបររថយន្ត ។ ជនរងគ្រោះ ឈ្មោះ វ៉ន សាម៉ុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសន្តិសុខ ។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅស៊េរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FV -1366 បើកបរដោយឈ្មោះ វ៉ន សាម៉ុន បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះបើកមកដល់កន្លែងកើតហេតុ(ផ្សារកៀនស្វាយផ្លាហ្សារ) ក៏ទៅបុករថយន្ត ម៉ាកNISSAN ពណ៌ស ប្រភេទសណ្តោង ពាក់ស្លាកលេខ ព្រះសីហនុ3A- 2223 ដែលចតនៅលើដងផ្លូវជាតិលេខ១ ដែលមានទិសដៅពីស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនិងកន្លែង ។ ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍បានឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រ ដែលមានឈ្មោះ ឈិន រ៉ាំ ភេទប្រុស និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែសខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ចតនៅផ្លូវដោយគ្មានដាក់ភ្លើង ឬដាក់សញ្ញាបង្ហាញដល់យានយន្តធ្វើចរាចរណ៍ ៕ ឆ ដា