ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌបង្ហាញមុខជនសង្ស័យចំនួន៣នាក់ លួចគាស់ហាងលក់ទូរស័ព្ទដៃ

ចែករំលែក៖

ប៉ោយប៉ែត៖ កងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជាសាធារណៈជនសង្ស័យចំនួន៣នាក់ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដែលជនសង្ស័យប្រុសស្រីបានធ្វើសកម្មភាពលួចគាស់ហាងលក់ទូរស័ព្ទដៃ នៅវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហាងទូរស័ព្ទ គឹម ឆាយ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្សបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ហាង ដែលមានឈ្មោះ ឈ្មោះ មួន គឹមឆាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសង្កាត់ថាមានចោរបានគាស់ទ្វារហាងយកទូរស័ព្ទអស់មួយចំនួនមក លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បញ្ជាដល់កម្លាំងនគរបាលជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវតាមជំនាញ និងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ក្នុងផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានឈ្មោះ (១).ឈ្មោះ ញឹម ចាន់លី ភេទប្រុស អាយុ៣៥ឆ្នាំ ២). ឈ្មោះ ញ៉ូញ ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ ៣).ឈ្មោះ ពេជ្រ ស្រីល័ក្ខ ភេទស្រី ២០ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោកនាយការិយាល័យបានបញ្ជាក់ទៀតថា ជាមួយនឹងការបង្រ្កាបនេះ សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងក្នុងបន្ទប់ដែលពួកគេជួល មានម៉ូតូ១គ្រឿង ហុងដាព្រីម សេរី២០១៦ ជាមធ្យោបាយ ដងសោអូតូតិច១ គ្រាប់សោ លេខ៨ចំនួន១ លេខ១០ចំនួន១ ដែកចុងស្រួចសម្រាប់កាច់សោចំនួន២ ដែកចុងស្រួចឆ្កិះសោចំនួន២ ទូរស័ព្ឌដៃប្រភេទចុចពិល៥៨គ្រឿង ម៉ាកសាមសុងJ2 ពណ៌ស ១គ្រឿង ទូរស័ព្ទគំរូ ១១គ្រឿង ស្ពិចឃ័រ២ ថងហូវៃ១ ព្រមទាំងកាបូបស្ពាយខ្មៅ១ ខោជើងវែងពណ៌ស្លែរ១ អាវពណ៌ប្រផេះ១ មួកកាតឹប១ ដែលស្លៀកធ្វើសកម្មភាព ។

លោកស្នងការរងបន្តថា៖ចំពោះទូរស័ព្ឌដៃប្រភេទចុចពិល៥៨គ្រឿង ម៉ាកសាមសុងJ2 ពណ៌ស១គ្រឿង ទូរស័ព្ឌគំរូ១១គ្រឿង ស្ពិចឃ័រ២ ត្រូវបាននគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ប្រគល់ជូនម្ចាស់ដើមវិញ ដោយឡែក វត្ថុតាងដែលជាមធ្យោបាយ របស់រួមទាំងសម្ភារៈរបស់ជនសង្ស័យធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖