ព័ត៌មានទាន់ហេតុការណ៍៖

ជាប់រវល់ដាំបាយ ភ្លេចខ្លួនចៅស្រីលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ ត្រូវបានអ្នកភូមិ និងជីដូនប្រទះឃើញអណ្ដែតទឹកស្រះខាងកើតផ្ទះ បង្កការភ្ញាក់ផ្អើល និងជួយចុះស្រង់ធ្វើចលនាដៃជើង ប៉ុន្តែអកុសល ហួសពេលទៅហើយមិនអាចសង្គ្រោះបាននោះទេ បន្ទាប់ពីជីដូនជាប់រវល់ដាំបាយភ្លេចខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ុល ចរិយា អាយុ៣ឆ្នាំ រស់នៅភូមិចន្ត្រី ឃុំចន្ត្រីស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមអ្នកភូមិក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងស្រីអាយុ៣ឆ្នាំ បានដើរតេះតាសនៅលើដីភូមិរបស់ខ្លួន ខណៈជីដូនជាប់រវល់ទៅដាំបាយធ្វើម្ហូបដូចសព្វដង ហើយទុកឲ្យលេងតែម្នាក់ឯង លុះប្រមាណជា១៥នាទី ស្រាប់តែមិនឮសូរចៅស្រែកនិយាយជាមួយ ក៏រត់ទៅមើលនៅមុខផ្ទះ និងសួរអ្នកភូមិជិតខាងមិនឃើញ ក៏នាំគ្នាដើររកមើលស្រាប់តែប្រទះឃើញអណ្ដែតទឹកស្រះខាងកើតផ្ទះស្លាប់បាតទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិខ្នះខ្នែងប្រញាប់ប្រញាលរត់ទៅជួយ និងចុះទឹកលើកយកមកដាក់លើគោក និងសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅ ។

បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចបាន ប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន


ចែករំលែក៖