ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូល្បឿនលឿនរេចង្កូតធ្លាក់ទ្រូងផ្លូវ ទៅបុកបង្គោលសុវត្ថិភាព ស្លាប់ និង របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក SUZUKI NEX ពណ៌ស្វាយ ស្លាកលេខ ភ្នំពេញ 1U.5666 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ឈឿន រក្សា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព អ្នករួមដំណើរជាមួយ ឈ្មោះ អុិច សៀងឡាយ ភេទស្រី អាយុ១៩ឆ្នាំ ភូមិអន្លង់ក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ ពាក់មួកសុវត្ថិភាព ។

មូលហេតុបង្កឡើងដោយ អ្នកបើកបរម៉ូតូមានល្បឿនលឿន បានរេចង្កូតធ្លាក់ទ្រូងផ្លូវ ទៅបុកបង្គោលសុវត្ថិភាពដែលដាក់តាមបណ្ដោយជាយផ្លូវ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះជួយបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និង យកវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលសន្ទុក ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖