ព័ត៌មានទាន់ហេតុការណ៍៖

ឲ្យឪពុកចាំផ្ទះ ត្រឡប់មកវិញប្រទះឃើញលង់ទឹកស្រះខាងក្រោយស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវជាកូនបានស្រែកហៅអ្នកភូមិជួយសង្គ្រោះឪពុករបស់ខ្លួន ខណៈប្រទះឃើញក្នុងទឹកស្រះខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិធ្លកឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថាបុរស ដែលប្រទះឃើញស្លាប់ក្នុងទឹកស្រះមានឈ្មោះ ខៀវ សុបិន អាយុ៥៣ ឆ្នាំមុខរបរកសិករមានទីលំនៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមបុរសជាកូនប្រុសបានរៀបរាប់ទាំងអួលដើមកថា មុនកើតហេតុ គាត់បានជាប់រវល់ចេញទៅខាងក្រៅ ដោយមិនមានអ្នកចាំផ្ទះ ទើបនឹកឃើញឪពុក ក៏ដើរទៅប្រាប់ហើយក៏ប្រញាប់ប្រញាល់ចេញទៅ ។

ប្រភពបន្តថា លុះនៅវេលាម៉ោង១១ព្រឹក គាត់ក៏បានត្រឡប់មកផ្ទះវិញ ប៉ុន្តែដូចជាស្ងាត់មិនឃើញឪពុក ក៏បានស្រែកហៅ និងដើររកស្រាប់តែប្រទះឃើញនៅក្នុងទឹកស្រះខាងក្រោយក៏បង្កការភ្ញាក់ផ្អើលហៅអ្នកភូមិជួយសង្គ្រោះ អកុសល ហួសពេលទៅហើយ មិនដឹងស្លាប់តាំងពីពេលណានោះទេ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖