ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះទៅយកឥវ៉ាន់តែបែរជាយកទៅបញ្ចាំម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ខ្ចីម៉ូតូគេថាជិះចេញទៅយកឥវ៉ាន់នៅភ្នំពេញតែបែរជាយកម៉ូតូគេទៅបញ្ចាំ ចុងក្រោយត្រូវម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុក្រុមហ៊ុនEPS បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីក្រុមហ៊ុនស៊ីភី មានទីលំភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AW-4140 ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យនិងនារីរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនស៊ីភី ដោយជនសង្ស័យជាសន្ដិសុខ រីឯនារីជាកម្មការិនី ហើយបានទំនាក់ទំនងស្គាល់គ្នា រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើបានខ្ចីម៉ូតូនារីរងគ្រោះថា ទៅយកឥវ៉ាន់នៅរាជធានីភ្នំពេញ រីឯនារីរងគ្រោះក៏យល់ព្រមឲ្យជនសង្ស័យខ្ចីម៉ូតូដែរ ។ ក្រោយពីជនសង្ស័យបានម៉ូតូរួច ភ្លាមនោះជនសង្ស័យក៏ជិះម៉ូតូទៅបាត់រហូតតែម្ដង ដោយពុំយកម៉ូតូឲ្យនារីរងគ្រោះវិញទេ ដោយនារីរងគ្រោះរងចាំយូរមិនឃើញជនសង្ស័យយកម៉ូតូមកឲ្យខ្លួនវិញ រហូតមកដល់វេលាម៉ោង២១និង១០នាទី នារីរងគ្រោះក៏សម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយយកម៉ូតូនោះទៅបញ្ចាំនៅហាងបញ្ចាំមិនចាំយីហោនៅម្តុំផ្សារឃ្លាំងរំសេវ ដោយបានលុយចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកយកទៅឲ្យមិត្តភក្ដិខ្ចីអស់បាត់តែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖