ព័ត៌មានទាន់ហេតុការណ៍៖

មេតុងទីន១គ្រួសារនៅច្បារអំពៅប្រមូលលុយជាង៤លានដុល្លាររត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញៈ ទឹកប្រាក់ជាង៤លានដុល្លារ ដែលអាជីវករ និងមន្ត្រីរាជការនៅផ្សារច្បារអំពៅ និងនៅកន្លែងផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញប្រមូលឲ្យមេតុងទីន១គ្រួសារ ពេលនេះប្រៀបដូចជាអំបិលត្រូវទឹកអីចឹង ត្រូវមេតុងទី១គ្រួសារប្រមូលលុយរត់បាត់ ចំណែកកូនតុងទីនបានត្រឹមតែផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និង នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្ថាប័នមានសមត្ថកិច្ចប៉ុណ្ណោះ ។

មេតុងទីន១គ្រួសារដែលប្រមូលលុយបានច្រើនសន្ធឹកសន្ធាប់ហើយរត់គេចខ្លួនមានទីលំនៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ មានឈ្មោះអោម មុនី ភេទស្រី អាយុ៦១ឆ្នាំ ប្តីមានឈ្មោះលត ជុនអេង អាយុ៦៧ឆ្នាំ អតីតជាប្រធានការិយាល័យសង្គមកិច្ចខណ្ឌមានជ័យ ចំណែកកូនស្រីមានឈ្មោះអេង ឆវី អាយុជាង៣០ឆ្នាំ ។

លោកគួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅបានឲ្យដឹងថា ករណីមេតុងទីនប្រលុយពីកូនតុងទីននៅក្នុងផ្សារហើយរត់គេចខ្លួនបាត់ លោកទើបតែបានទទួលពត៍មាន២-៣ថ្ងៃមុននេះ ណាមួយ មេតុងទីនមិនមែនជាអាជីវករលក់ដូរនៅក្នុងផ្សារច្បារអំពៅនោះទេ ពោលគឺមានទីលំនៅកន្លែងផ្សេង ហើយលេងតុងទីនជាមួយអាជីវករលក់ដូរនៅក្នុងផ្សារ ដល់ពេលមេតុងទីនរត់គេចខ្លួន ទើបបែករឿង ចំណែកអាជីវករមិនបានមកដាក់ពាក្យបណ្តឹងនៅក្នុងទីស្នាក់ការផ្សារនោះគឺទៅដាក់ពាក្យបណ្តឹងនៅកន្លែងផ្សេង ចំពោះទឹកប្រាក់ដែលមេតុងទីនប្រមូលហើយរត់គេចខ្លួន ក៏មិនដឹងចំនួនប៉ុន្មានដែរ គ្រាន់តែអ្នកខ្លះថាប៉ុណ្ណេះ អ្នកខ្លះទៀតថាប៉ុណ្ណោះ ។

ដោយឡែកលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានបញ្ជាក់ដូច្នេះថា មេតុងទីនដែលរត់គេចខ្លួនមានឈ្មោះអោម មុនី ភេទស្រី អាយុ៦១ឆ្នាំ ចំណែកកូនស្រីមានឈ្មោះអេង ឆវី អាយុជាង៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្បារអំពៅទី១ ។ តុងទីនដែលម្តាយ និងកូនលេងមានក្បាល២០០ ដុល្លារ , ៣០០ដុល្លារ និង ៥០០ដុល្លារ ប៉ុន្តែចំនួនអ្នកលេងអត់ប្រាកដទេ ដោយសារតែអត់មានបញ្ជីដែលយកជាផ្លូវការបាន ។ ឥឡូវនេះទាំងម៉ែ ទាំង កូនបានចេញពីផ្ទះបាត់ហើយមិនដឹងទៅណាទេព្រោះគេរកមិនឃើញទេ អីចឹងហើយបានជាព័ត៌មាននេះមិនអាចយកជាការបានទេ ព្រោះយើងមិនដឹងជាក់លាក់ថាគាត់ចេញទៅណា ។

លោកចៅសង្កាត់បានបន្តថា មកដល់ពេលនេះម្តាយ និងកូននាំគ្នារត់គេចបាត់អស់ហើយមិនមាននៅក្នុងខណ្ឌច្បារអំពៅនោះទេ ចំនួនអ្នកលេង ក៏មិនជាក់លាក់ដែរ ចំនួនទឹកលុយដែលម្តាយ និងកូនបោកយកទៅ ក៏មិនដឹងដែរព្រោះគ្មានបញ្ជីរស្នាម គ្រាន់តែឮតៗគ្នា ខ្លះថាប៉ុណ្ណេះ ខ្លះថាប៉ុណ្ណោះ ឥញ្ចឹងយើងយកជាផ្លូវការមិនបានទេ ។ បន្ទាប់ពីដឹងថាមេតុងទីងប្រមូលលុយរត់គេចខ្លួន ឥឡូវកូនតុងទីនខ្លះដាក់ពាក្យបណ្តឹងនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ខ្លះដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌ និងខ្លះទៀតដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ច្បារអំពៅទី១ និងខ្លះទៀតដាក់ពាក្យបណ្តឹងទៅតុលាការ ។ និយាយជារួមទៅយើងក្តាប់អត់បានអ្វីទាំងអស់ព្រោះផុតអាជ្ញាយុកាលរបស់សង្កាត់ហើយ ប៉ុន្តែយើងបានណែនាំឲ្យពួកគាត់ទៅរកស្ថាប័នតុលាការ និង ព្រហ្មទណ្ឌក្រសួងមហាផ្ទៃហើយ ៕ សណ្តោស


ចែករំលែក៖