ខេត្តកណ្ដាលៈ រថយន្តមួយគ្រឿងបើកដោយល្បឿនលឿន មិនប្រយ័ត្នរេចង្កូតទៅឆ្វេងជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ អ៊ំ ស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិ ព្រៃឈ ឃុំ ព្រៃឈ ខេត្តកំពង់ចាម (ជាអ្នករួមដំណើរលើម៉ូតូ) រីឯអ្នកបើកបរម៉ូតូឈ្មោះ សឿន សុថា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (របួសធ្ងន់) បើកបរម៉ូតូម៉ាកម៉ាក PULSAR ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1FG-1655 ។ ចំណែកឯរថយន្តម៉ាកម៉ាកToyota camry ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ2N- 2848 បើកបរដោយឈ្មោះ ឈុន សំណាង ភេទ ប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមទី១ ឃុំខ្សាម ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើទៅលិច(ភ្នំពេញ កំពង់ឆ្នាំង) បើកបរដោយល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចផ្លូវកោង រថយន្តខាងលើបានរេចង្កូតចូលទៅឆ្វេង បានជ្រុលទៅបុកម៉ូតូបើកច្រាស់ទិសគ្នា បណ្ដាលឲ្យនារីម្នាក់ជាអ្នករួមដំណើរលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តនិងម៉ូតូ រួមជាមួយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកដោយល្បឿនលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវកោង ទើបបានជាជ្រុលទៅបុកម៉ូតូយ៉ាងដូច្នេះ ៕ស្អាងជ័យ