ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់រថយន្តឈ្នួលម្នាក់បើកបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ត្រូវម៉ូតូបុកពីក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសអ្នករត់រថយន្តឈ្នួលម្នាក់ ខណៈបើកបត់ឆ្វេងខ្វះប្រុងប្រយត្ន័ មិនមើលក្រោយ ក៏ត្រូវម៉ូតូជិះមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១ និង៥០នាទីរសៀល នៅចន្លោះគីឡូម៉ែត្រលេខ១៦៦>១៦៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្តាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ សំបូរ ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅ ស្រុករំដួល ខេត្តស្វាយរៀង ខណៈកើតហេតុបានបើករត់គេចខ្លួនរហូតយកមកលាក់ទុកនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៌ ទើបសមត្ថកិច្ចរកឃើញ ។

ចំណែកបុរសរងគ្រោះមានឈ្មោះ វយ សារី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកយ៉ាម៉ាហាសុីរួស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-4798 ។

បើតាមសាក្សីបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-4797 ដោយធ្វើដំណើរពីកើតមកលិចចន្លោះគីឡូម៉ែត្រលេខ១៦៦>១៦៧ហើយ ខណៈនោះ ក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ មិនមើលក្រោយ ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយពីបង្កហេតុរួចមក អ្នកបើកបររថយន្តបង្កហេតុបានបើករត់គេចខ្លួន ពីកន្លែងកើតហេតុយកមកទុកនៅភូមិព្រៃផ្អាវ ឃុំសឡី ស្រុកំពង់រោទ៌ ខេត្តស្វាយរៀង ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ នៅប្រទេសវៀតណាម និងសមត្ថកិច្ចធ្វើការវាស់វែង អូសយកម៉ូតូតមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចំណែករថយន្សសមត្ថកិច្ចបញ្ជួនទៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តដើម្បីបំពេញសុំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖