ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយធ្វេសប្រហែសកូនស្រីលង់ទឹកស្រះក្បែរផ្ទះស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ បានស្រែកយំ ឱបអាណិតកូនស្រីជាពន់ពេក បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈមានការធ្វេសប្រហែស តែប៉ុន្មាននាទី ភ្លេចខ្លួនកូនលង់ទឹកស្រះក្បែរផ្ទះកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០៥នាទីព្រឹក នៅចំណុចភូមិព្រៃតាយឹង ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យនគរវត្តដឹងថា ក្មេងស្រីដែលលង់ទឹកស្លាប់មានឈ្មោះ ម៉ៅ ស្រីពេជ្រ អាយុ១ឆ្នាំ ៤ខែដោយមានឪពុកឈ្មោះ មាន សម្បតិ្ត អាយុ ២៥ឆ្នាំ មុខរបរ សំណង់ និងម្តាយឈ្មោះ ស្រី ស៊ីណា អាយុ២២ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃតាយឹង ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញម្ដាយក្មេងស្រីរងគ្រោះបានលើកបីត្រកងស្រែកប្រឡែងលេងយ៉ាងសប្បាយ បន្ទាប់មកក៏ដាក់ទម្លាក់ចុះដីឲ្យរត់លេងដូចសព្វដង នៅខាងមុខផ្ទះហើយក៏បានចូលក្នុងផ្ទះរៀបចំបោសសំអាតផ្ទះលុះប្រមាណជា១៥នាទី ដោយមិនមានឮសូរសំឡេងកូននិយាយ ទើបមានការងឿងឆ្ងល់ ក៏បានស្រែកហៅ និងដើររកមើលជុំវិញផ្ទះ ស្រាប់តែក្រឡេកឃើញកូនលង់ទឹកស្រះ ស្រែកយំហៅអ្នកភូមិជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ បានត្រឹមតែយំសោកស្ដាយនិងមានវិប្បដិសារីបំផុត។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល ៕ យឹម សុថាន


ចែករំលែក៖