ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសល ផ្តល់នាំងសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានឧបត្ថម្ភរនាំងសុវត្ថិភាព ចំនួន២០០រនាំង កាលពីថ្ងៃសៅរ៍ ដល់សាលារៀន ចំនួន៥០កន្លែង នៅតាមបណ្ដាខេត្តនានា នៅតាមបណ្ដោយផ្លូវជាតិលេខ៥ និងលេខ៦ ដែលនឹងជួយរក្សានូវសុវត្ថិភាព របស់សិស្សជាង៥ម៉ឺននាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ ។

ព្រឹត្តិការណ៍ឧបត្ថម្ភរនាំងសុវត្ថិភាពនេះ បានធ្វើឡើងក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដើម្បីប្រារព្ធទិវាពិភពលោក លើកទី១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិ និងសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកហៅកាត់ថា គ.ស.ច.គ. រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ទៀត ។

សម្ដេចក្រឡាហោម ស ខេងបានមានប្រសាសន៍ថា៖ “ទិវានេះ មិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹង អំពីហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជាបើកបរហួសល្បឿនកំណត់មិនគោរពសិទ្ធិអាទិភាពកាបត់ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម” ។

សម្ដេចក្រឡាហោមបានបន្តទៀតថា៖ “ទាំងនេះ បង្ហាញច្បាស់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ” ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺដើរស្របទៅនឹងការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ ប្រជាជនកម្ពុជា ជាពិសេសសម្រាប់កុមារៗហើយរនាំងសុវត្ថិភាព ទាំងនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់នានា ដែលកើតមានចំពោះសិស្សានុសិស្ស ។

លោក Nutman បានថ្លែងថា៖ “គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន” ។

លោកបានបន្លែមទៀតថា៖ “ការឧបត្ថម្ភរនាំងសុវត្ថិភាពនាថ្ងៃនេះនឹងរួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាពហើយ និងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះជាពិសេសគឺគ្រោះថ្នាក់ ដែលកើតឡើងចំពោះកុមារតូច ដែលធ្វើដំណើរទៅមកសាលារៀនតែម្តង ។

ក្នុងនាមជាក្រុមហ៊ុន ដែលបានទទួលការទុកចិត្តពីអតិថិជនក្រុមហ៊ុនព្រូដិនសលកម្ពុជាជឿជាក់ថាកុមារគឺជាសសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិហើយការគាំពារ និងធានាសុវត្ថិភាពអាយុជីវិតរបស់កុមារគឺស្មើនឹងការការពារដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃប្រទេសកម្ពុជាដូច្នោះដែរ” ។

សាលារៀនចំនួន៥០កន្លែងទាំងនោះត្រូវបានជ្រើសរើស តាមរយៈការសិក្សាផ្អែកលើទិន្នន័យពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS) ដែលបានបង្ហាញថាសិស្សក្មេងៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦នៅតែមានការប្រឈមខ្ពស់ក្នុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវធំពេលទៅមកសាលារៀន ។ ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះទូទាំងប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖