ភ្នំពេញ៖ បុរសភេទទី៣ម្នាក់(ខ្ទើយ) ត្រូវកម្លាំងនគរបាលល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនបន្ទាប់ពីរូបគេនិងបក្ខពួក២នាក់ទៀតដែលជាស្រី្តរកស៊ីផ្លូវភេទ មកធ្វើសកម្មភាពបន្លំលួចទូរស័ព្ទពីបុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ បានសម្រេច កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១០៨ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា សង្ស័យឈ្មោះ អ៊ុន កក្កដា ភេទប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ AMIR SHUSTERMAN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអ៊ី ស្រាអ៊ែល មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 21085448 ស្នាក់ នៅផ្ទះសំណាក់MAD MONGKAYទីតាំងផ្ទះលេខ២៦ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៍មានពីជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចតាមរយៈអ្នកបកប្រែថា មុនពេលកើតហេតុ រូបគាត់បានដើរទៅសួនច្បារមាត់ទន្លេ ហើយបានអង្គុយលើថ្មម៉ាបតែម្នាក់ឯង ក្រោយមកក៏មានជនសង្ស័យខាងលើ រួមនិងបក្ខពួក២នាក់ទៀតដែលជាស្រី្តរកស៊ីផ្លូវភេទ បានមកអង្គុយក្បែរគាត់ ហើយជនសង្ស័យសួរថា ត្រូវការរកស្រីដេកឬទេ ។ ពេលនោះជនសង្ស័យឃើញគាត់ភ្លេចខ្លួន ក៏ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់គាត់(ជនរងគ្រោះ)ម៉ាកសាំស៊ុងកាឡាក់ស៊ីS8 ពណ៌ខ្មៅ ពីក្នុងហោប៉ៅខោ បានសម្រេចហើយ ក៏ហុចបន្តទៅឲ្យបក្ខពួកយករត់គេចខ្លួន ភ្លាមនោះគាត់បានស្រែកឆោឡោ និងដេញតាមក្រុមជនសង្ស័យ គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃើញ ក៏ជួយធ្វើអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់។ ចំណែកបក្ខពួកចំនួន២នាក់ទៀតដែលជាស្រី្តរកស៊ីផ្លូវភេទ បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចនាំជនសង្ស័យមកសាកសួរនិងធ្វើតេសទឹកនោមឃើញថាធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា