ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ម្តងហើយមិនរាង លួចចេញបានជោគជ័យម្តងទៀត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សកម្មភាពនៃការដឹក ជញ្ជូនឈើទៅកាន់ប្រទេសវៀតណាមនៅ បន្តកើតមានជាធម្មតា តាមបន្ទាន់ព្រំដែន ខេត្តមណ្ឌលគិរី ក្រោមក្រសែភ្នែកមន្ត្រីច្រើន ស្អេកស្កះ ដែលអាជ្ញាធរខេត្តនេះបង្កើត ឡើង ។ ហួសពីនេះទៅទៀតគឺពួកមន្ត្រីជំនាញ ក្លាយជាអ្នករកស៊ីនាំឈើប្រណីតក្នុងដែន សមត្ថកិច្ចរបស់ខ្លួនទៅប្រទេសវៀតណាម នោះគឺមន្ត្រីដែនជម្រកសត្វព្រៃកែវសីមា ដែលជាប់ពាក់ព័ន្ធនឹងជំនួញរកស៊ីខុស ច្បាប់ ។

កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈើចំនួន១០ រថយន្តសាំយុង និងរថយន្តកែច្នៃ ត្រូវបាន​ដឹក​ចេញពីដែនជម្រកសត្វព្រៃកែវសីមាតាម ផ្លូវលេខ១១៧ ចេញពីតំបន់ស្រែឈូកទៅ តាមផ្លូវកា៣ ឆ្ពោះទៅប្រទេសវៀតណាម។ ការដឹកជញ្ជូនឈើនេះ ត្រូវមបានគេរាយ ការណ៍ថាស្ថិតក្រោមជំនាញដឹកនាំបញ្ជា ផ្ទាល់ដោយលោក សៀង ស៊ីណា នាយករង ដែនជម្រកសត្វព្រៃកែវសីមា ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក សៀង ស៊ីណា បានចាត់ចែងមន្ត្រី ក្រោមឱវាទឲ្យរៀបចំផែនការ ដើម្បីនាំឈើ ចេញទៅប្រទេសវៀតណាម យ៉ាងម៉ត់ចត់ ពោលគឺមិនឲ្យថ្លោះធ្លោយដូចលើកមុនៗ ដែលត្រូវមន្ត្រីនៅមន្ទីរបរិស្ថានចាប់បាន នោះឡើយ ។ ដោយសាររវល់រៀបចំផែន​ការយុទ្ធសាស្ត្របែបនេះហើយ ទើបក្នុង ឱកាសដែលថ្នាក់ដឹកនាំក្រសួងបរិស្ថានចុះ ធ្វើសិក្ខាសាលារយៈពេល៣ថ្ងៃនៅឯមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី គេមិនឃើញលោក សៀង ស៊ីណា និងមន្ត្រីក្រោមឱវាទចូលរួម នោះឡើយ ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លង ទៅថ្មីៗនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌល គិរីចាប់បានឈើរបស់ក្រុមលោក សៀង ស៊ីណា ចំនួន៣រថយន្តសាំយុងរួចមក ហើយ ។ បើទោះបីរូបភាពជាក់ស្តែងបែប នេះក៏ដោយ ក៏មិនទាន់ឃើញមានប្រតិកម្ម ណាមួយពីថ្ន​ាក់ដឹកនាំខេត្តមណ្ឌលគិរីនៅ ឡើយ នៅគ្រាដែលសម្តេចក្រឡាហោម ស ខេង បានព្រមានលោកស្វាយ សំអ៊ាង អភិបាលខេត្តនេះអំពីការខកខានមិនបាន បំពេញតួនាទី ក្នុងការបង្ក្រាបបទល្មើសព្រៃ ឈើ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

អាជ្ញាធរខេត្តមណ្ឌលគិរីបានបង្កើតក្រុម បង្ក្រាបប្រតិបត្តិការពិសេស ដើម្បីបង្ក្រាប បទល្មើស ដឹកនាំដោយមន្ត្រីរដ្ឋបាលព្រៃ ឈើមួយរូបជាប្រធាន ។ ប៉ុន្តែក្រុមការងារ នេះបង្កតែបញ្ហាបង្កើតជាជម្លោះព្រោះតែ ចែកផលប្រយោជន៍គ្នាមិនស្មើ ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅ ក្រុងសែនមនោរម្យបាននិយាយថា ការដែលអាជ្ញាធរខេត្តខំជម្នះសម្រេចតែងតាំងលោក ព្រំ សុវណ្ណា ជានាយកដែនជម្រកអមដោយ លោក សៀង ស៊ីណា ជានាយករង ។ គោល ដៅរបស់បុរសម្នាក់ឈ្មោះ សៀង ស៊ីណា មិនប្រាថ្នាតំណែងជានាយករងដែនជម្រក សត្វព្រៃកែវសីមានោះទេ គឺគាត់មានមហិច្ឆិតា កាន់តំណែងប្រធាន ឬនាយកដែនជម្រក ។ ប៉ុន្តែប្រជាពលរដ្ឋនិយាយថា សៀង ស៊ីណា អត់ចេះអក្សរខ្មែរច្បាស់លាស់អីទេ ដូច្នេះ បើឲ្យគាត់ធ្វើធំ ក៏មិនដឹងធ្វើអ្វីម៉េចដែរ។ ផ្ទុយ ទៅវិញលោក សៀង ស៊ីណា ធ្លាប់មានរឿង អាស្រូវ ់ត្រូវក្រសួងបរិស្ថានព្រមាន ,ណែនាំ និងបណ្តេញចេញយ៉ាងហោចណាស់៤ដង រួចមកហើយ ។ ប៉ុន្តែមិនដឹងជាលោកចេះ មន្តអាគមន៍អ្វី តាមរយៈបងប្រុសរបស់លោក ដែលជាអតីតមេយោធាខេត្តតាមរយៈថ្នាក់ ដឹកនាំខេត្តមណ្ឌលគិរី លោក សៀង ស៊ីណា បានត្រឡប់មកទឹកដីមណ្ឌលគិរីវិញ ក្នុង តួនាទីដ៏ហំហានមួយ ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅមានឈើជាច្រើនរយម៉ែត្រគូបទៀត ដែលលោក សៀង ស៊ីណា ត្រៀមដឹកចេញ ពីតំបន់ដែនជម្រកសត្វព្រៃ ។

មិនអាចទាក់ទងលោក សៀង ស៊ីណា ដើម្បីបំភ្លឺជុំវិញព័ត៌មាននៃការដឹកឈើចេញ បាននៅឡើយទេ៕ ហេង នរិន្ទ្រ


ចែករំលែក៖