ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណីលើផ្លូវជាតិលេខ៤ របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីនៅលើដងផ្លូវជាតិលេខ៤ រវាងរថយន្តធុនតូច បើកបុករថយន្តធុនធំ និង១ករណីទៀត ម៉ូតូបុករថយន្តកំពុងបើកឆ្លងថ្នល់ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់លើកទី១ បានកើតឡើងនៅម៉ោង១ និង៤០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្សារតាលាត់ខាងកើត ឃុំអូរ ស្រុកភ្នំស្រួច រវាងរថយន្តធុនតូច បើកបរដោយជនជាតិសាំងហ្គាពួរ ជ្រុលចង្កូតបុករថយន្តធុនធំ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-0339 បើកបរដោយជនជាតិសាំងហ្គាពួរ អាយុ៦០ឆ្នាំ រស់នៅភូមទី១ សង្កាត់ិច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ ខណៈបើកមកដល់ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ បានបើកវ៉ាយានយន្តផ្សេងៗដោយល្បឿនលឿន ក៏ជ្រុលចង្កូតចូលចំណែកផ្លូវខាងឆ្វេងដៃ បុករថយន្តធុនធំ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3589 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យរថយន្តបាឡែន ខូចខាតធ្ងន់ធ្ងរ តែអ្នកបើកបរគ្រាន់តែរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះអន្តរាគមន៍ អូសរថយន្តទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច ។

ដោយឡែកគ្រថ្នាក់លើកទី២ បានកើតឡើងនៅម៉ោង៧ និង១០នាទីយប់ថ្ងៃខែដដែល ស្ថិតក្នុងភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន រវាងរថយន្តធុនតូច និងម៉ូតូ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2A-3357 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកលើផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ។ លុះដល់កន្លែងកើតហេតុ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ បានបត់ឆ្លងថ្នល់ឆ្ពោះទៅត្បូង ។ ខណៈរថយន្តឆ្លងមិនទាន់ផុតផង ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FM-5432 បើកបរដោយបុរសម្នាក់ឈ្មោះ ខែក សុធារ៉ា អាយុ២២ឆ្នាំ រស់នៅផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច បានជ្រុលចង្កូតបុករថយន្ត បណ្តាលឲ្យម៉ូតូខូចខាតធ្ងន់ធ្ងរ និងអ្នកើបកបរ រងរបួសធ្ងន់ ។ ក្រោយកើតហេតុ ម្ចាស់រថយន្ត បានរត់គេចខ្លួន ។

បច្ចុប្បន្ន វត្ថុតាង ត្រូវសមត្ថកិច្ច ដកហូតយករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖