ព័ត៌មានទាន់ហេតុការណ៍៖

ទាញចបកាប់វាយក្បាលបុរសម្នាក់របួសធ្ងន់ព្រោះខឹងស្រែកជេរឪពុក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានទាញចបកាប់ វាយក្បាលបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែខឹងសម្បារជនរងគ្រោះស្រវឹងស្រា មានទំនាស់ជាមួយឪពុករបស់ខ្លួន ព្រមទាំងស្រែកជេរប្រមាថឪពុករបស់ខ្លួនថែមទៀត ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចោមចៅ២ចាប់ខ្លួន ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ​ ៦រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល លេខ៥៣A ផ្លូវលំ ក្រុមទី៣ បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនដៃដល់ខាងលើនោះឈ្មោះ វ៉ាត់ លីណា អាយុ ២៤ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលខាងលើ ។ ដោយឡែកជនរងគ្រោះឈ្មោះ ម៉ី ស៊ី វ៉ាន់ អាយុ៤៨ឆ្នាំ រងរបួសបែកចិញ្ចើមខាងស្ដាំ មានទីលំនៅផ្ទះលេខ 535E បុរីសន្តិភាព២ ភូមិដំណាក់ ត្រយឹង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់កើតហេតុខាងលើ ជនដៃដល់បានទៅរកត្រីនៅវាលស្រែលុះពេលវិលត្រឡប់ទៅដល់ផ្ទះជួល វិញ បានឃើញបុរស ដែលជាជនរងគ្រោះស្រវឹងស្រាហើយកំពុងឈរស្រែកជេរឪពុករបស់ខ្លួន ។ ខណៈនោះជនដៃដល់ក៏បានយកចបកាប់វាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកចិញ្ចើមហូរឈាមកក្លាក្សជោកខ្លួន រួចហើយជន នោះបានរត់ចូលទៅក្នុងផ្ទះរបស់ខ្លួន និងចាក់សោជាប់តែម្ដង ។

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានចេញអន្តរាគមន៍ភ្លាមៗដែរប៉ុន្តែដោយសារតែយប់មិនអាចចូលទៅចាប់ជននោះទាំងយប់បានឡើយ ។ រហូតដល់វេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបចាប់ខ្លួន បាននាំបានរួចនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖