ភ្នំពេញ៖ បច្ចុប្បន្នសង្កេតឃើញថាចំនួនអ្នកប្រើប្រាស់អ៊ីនធើណេត កំពុងតែមានទីផ្សារ និងពេញនិយមខ្លាំងនៅក្នុងសង្គមកម្ពុជាបច្ចប្បន្នបើគិតពីអ្នកប្រើប្រាស់អ៊ីនធើណេតអាយុចន្លោះពី១៥ទៅ៦៥ឆ្នាំត្រូវបានគេរកឃើញថាមានចំនួន២៦% ត្រូវបានរងគ្រោះ និងបំពាននៅតាមអនឡាញ ។
តាមរយៈរបាយការណ៍ការស្រង់មតិរបស់AfterAccessថ្មីៗនេះបានឲ្យដឹងថាអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ដែលមានអាយុចាប់ពី១៥ទៅ៦៥ឆ្នាំចំនួន២៦% ទទួលបានការបំពានជាទម្រង់ផ្សេងៗតាមរយៈអនឡាញ ។
របាយការណ៍នេះបានបង្ហាញទៀតថាការបំពានតាមអនឡាញត្រូវបានធ្វើឡើងទៅលើស្ត្រីច្រើនជាង (២៩% គឺស្ត្រី ដែលមានអាយុពី១៥ទៅ៦៥ឆ្នាំ បើប្រៀបធៀបទៅ២៦% ដែលជាបុរស) ។ ការបំពានភាគច្រើនត្រូវបានធ្វើឡើងនៅពេល ដែលពួកគាត់លេងបណ្ដាញសង្គម ។ ការតាមដានដោយសំងាត់នៅលើអុីនធឺណិត ឬ Cyberstalking គឺជាការបារម្មណ៍មួយរបស់អ្នក ដែលប្រើប្រាស់បណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា ។
ការកើនឡើងនៃការប្រើប្រាស់អ៊ីធឺណែត ដែលខ្វះការយល់ដឹងនេះបានបង្ហាញថាទោះបីជាសព្វថ្ងៃនេះ ប្រជាជនកម្ពុជាជាច្រើនអាយុពី១៥ដល់៦៥ឆ្នាំនៅតែមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ថាអ្វីទៅជាប្រព័ន្ធអុីនធឺណែតនោះទេ? ចំពោះកង្វះការយល់ដឹងនេះដែរអ្នក ដែលឆ្លើយសំណួរក្នុងការស្រង់មតិនេះបានប្រាប់ឲ្យដឹងថាមូលហេតុសំខាន់ ដែលពួកគាត់មិនប្រើប្រាស់អ៊ីនធឺណិតពីព្រោះគាត់មិនដឹងពីវិធីប្រើប្រាស់វាទេ ។
លោកAyesha Zainudeen អ្នកគ្រប់គ្រងការស្រាវជ្រាវជាន់ខ្ពស់នៅLIRNEASIA បានប្រាប់ឲ្យដឹងថា៖ «វាច្បាស់ណាស់ថាដើម្បីឲ្យមានប្រជាជនកម្ពុជាប្រើប្រាស់អុិនធើណែតកាន់តែច្រើនទៀតយើងត្រូវបង្កើតការយល់ដឹងថាអ្វីទៅជាអ៊ីនធឺណិត? ហើយតើត្រូវប្រើប្រាស់វាដោយរបៀបណា?» ។ ប៉ុន្តែវាមិនមានន័យប្រជាជនមិនយល់ដឹងសោះនោះទេ ។ អ្នកប្រើប្រាស់ទូរស័ព្ទកម្ពុជា ដែលមានអាយុពី១៥ទៅ៦៥ឆ្នាំចំនួន៨៥% ប្រើប្រាស់កម្មវិធីអ្វីមួយនៅក្នុងទូរស័ព្ទរបស់គាត់ ។ នេះគឺជាការប្រើប្រាស់កម្មវិធីទូរស័ព្ទ ដែលធ្វើឡើងច្រើនជាងគេក្នុងបណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិក ដែលត្រូវបានស្រប់មតិ៕ វឌ្ឍនា