ព័ត៌មានទាន់ហេតុការណ៍៖

២ថ្ងៃ មនុស្សស្លាប់២នាក់ ដោយសារលង់ទឹកនៅស្រុកកំពង់រោទ៍ និងស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់ និងយុវជនម្នាក់បានស្លាប់រយះពេល២ថ្ងៃ ក្នុង២ករណីផ្សេងគ្នានៅស្រុកកំពង់រោទ៍ និងស្រុករំដួលដោយរអិលជើងចូលប្រឡាយ និងមានជំងឺសសៃប្រសាទ (ឆ្កួតជ្រូក) ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣១នាទី ល្ងាច នៅចំណុចភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយជនរងគ្រោះ មានឈ្មោះគ្រឿន​ រី ភេទប្រុស អាយុ ៤ឆ្នាំ ។

ប្រភពបន្តថា ក្មេងលង់ទឹកខាងលើមានឪពុកឈ្មោះគ្រឿន គ្រី អាយុ២៩ឆ្នាំ មុខរបរកសិករ និង ម្តាយឈ្មោះ ឈូក ធី អាយុ២៩ឆ្នាំ មុខរបរនៅសិករ រស់ភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ។

តាមសាក្សីបានឲ្យសមត្ថកិច្ចដឹងថា មុនកើតហេតុក្មេងរងគ្រោះ បានរត់លេងក្បែរប្រឡាយចម្ងាយប្រហែល ៧ម៉ែត្រ ចេញពីផ្ទះរបស់ខ្លួនហើយមិនដឹងយ៉ាងម៉េច ស្រាប់តែ រអិលជើងធ្លាក់ចូលប្រឡាយបណ្ដាយឲ្យលង់ទឹកស្លាប់ គ្មានអ្នកដឹង ។

ករណីទី២ បានកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅចំណុចភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ដោយបុរសរងគ្រោះ មានឈ្មោះសុខ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

តាមក្រុមគ្រួសារបានឲ្យដឹងថា កូនគាត់គឺមានជំងឺសសៃប្រសាទ និងឆ្កួតជ្រួកយូរឆ្នាំមកហើយ ខណៈបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងឲ្យថ្នាំសង្កូវផឹកដែរ ប៉ុន្តែមិនបានធូរស្រាលសោះ ។

ប្រភពបន្តថា មុនកើតហេតុ មានអ្នកភូមិបានរត់មកប្រាប់គាត់ជាម្ដាយថា កូនគាត់បានលង់ទឹកស្លាប់នៅ នឹងប្រឡាយខាងកើតវត្តភូមិក្រូច ចម្ងាយ១០០ម៉ែត្រស្លាប់បាត់ទៅហើយ ដោយទំនងជំងឺសសៃប្រសាទ(ឆ្កួតជ្រូក) រើឡើងខ្លាំងទើបធ្វើទុក្ខបែបនេះ ។

សពទាំង២ករណីត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន


ចែករំលែក៖