ព័ត៌មានទាន់ហេតុការណ៍៖

សាស្រ្តាចារ្យនិងបុគ្គលិកសា​កល​វិទ្យា​ល័យ​ន័រតុន ៤នាក់បោកប្រាស់លុយអាហារូបករណ៍​និសិ្សត​ជាង​១៣០នាក់

ចែករំលែក៖

ភ្នំពេញៈ សា​កល​វិទ្យា​ល័យ​ន័រតុននាពេលថ្មី្ៗនេះ បានបិតខិត្តប័ណ្ណ​​ផ្សព្វ​ផ្សាយ​ព័ត៌​មានរបស់​ខ្លួន ​ចុះ​ថ្ងៃ ​០១ ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ​ដើម្បីឲ្យបុគ្គលចំនួន៤រូប ជាបុគ្គលិកធ្វើការនៅទីនេះ​ចូល​ខ្លួនមកដោះស្រាយជាមួយសាកលវិទ្យាធិការខណៈបុគ្គលទាំង៤នាក់នេះឆ​បោក​​លុយ​ពី​ក្រុម​និស្សិត​របស់​ខ្លួន​ប្រមាណ​ជាង​ ១៣០ ​នាក់​ដោយយកខិត្តប័ណ្ណ​ ដំណឹងអាហារូបករណ៍មក​បោក​ប្រាស់យកលុយបង់ថ្លៃការសិក្សាឆ្នាំ២០១៨-២០១៩ ។ ​

ប្រភពពីបុគ្គលិកសកលវិទ្យាល័យន័រតុន បានឲ្យដឹងថា ជនសង្ស័យដែលជាប់​ពាក់ព័ន្ធក្នុងការ​បោកប្រាស់យកលុយនិស្សិតទាំងនោះមានចំនួន៤នាក់ទីឈ្មោះ​ ឡេង ​ម៉ាឡែន ជា​សាស្រ្តា​ចារ្យ ផង បុគ្គលិកផ្នែកគណនេយ្យនិងហិរញ្ញវត្ថុផង ទី២ ឈ្មោះចំរើន ​ស្រីនាថ,និងទី៣ ឈ្មោះ ភី ស្រីវួច បុគ្គលិកផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ ចំណែកទី៤ឈ្មោះភឿក កោវិទ្ធ បុគ្គលិក ផ្នែកកំព្យូទ័រ។ ​

បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា​ ជនសង្ស័យទាំង៤នាក់ខាងលើបានឆបោកជារូបភាព​ បង្កើត​«វិក្កយ​បត្រ និង​ហត្ថ​លេខា​ក្លែង​ក្លាយ ​ព្រមទាំង​បាន​លួច​កែប្រែ​ប្រព័ន្ធ ​គ្រប់គ្រង​ទិន្ន​ន័យ​» ​របស់​សាកល​វិទ្យា​ល័យន័រតុន ដើម្បី​បោក​ប្រាស់​យក​លុយ​ពីសិស្ស​របស់​ខ្លួន សរុប ១៣៥​ នាក់​​ ដែល​បាន​បង់​លុយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០១៨-២០១៩​។ ​

បើតាមការៀបរាប់ពីកញ្ញាម្នាក់រៀន​ឆ្នាំ​ទី ៣​ នៃ​មុខ​វិជ្ជាផ្នែក​សេដ្ឋកិច្ច​ នៃ​សាក​ល​វិទ្យាល័យ​ន័រតុន និង​ ដែល​បាន​បង់​​ប្រាក់​​តាម​រយៈ​​ឈ្មោះ ​ចំរើន​ ស្រី​នាថ ដែល​​ជា​បុគ្គលិក​​ហាត់​​ការងារ​​ផ្នែក​​គណនេយ្យ​នៃ​ការិយា​ល័យ​គណនេយ្យ​​និង​ហិរញ្ញ​វត្ថុ​នៃ​សាកល​វិទ្យាល័យ​នេះ បាន​ខ្សឹបប្រាប់​ថា៖ នាងបាន​​បង់​លុយ​តាម​រយៈគាត់​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២០​ ភាគរយ​ នៃ​តម្លៃ​បង់​ពេញ​ ៤៨៥​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ»។ ក​ញ្ញា បាន​បន្ត​ថា​ ក្រោយ​ពេល​បង់លុយ​តាម​រយៈ​ឈ្មោះ ​ចំរើ​ន​ ស្រី​នាថ​ រួចហើយ​ ស្រាប់​តែ​ ខាង​សាកល​វិទ្យាល័យ​បាន​ចេញ​ព័ត៌​មានមួយ​ ដោយ​មិន​ទទួល​ខុ​ស​ត្រូវ​ចំពោះ​ការបង់​លុយ​តាមរយៈ​ពួកគាត់​ទាំង​បួននាក់​នោះ​ឡើយ​ ហើយ​ ​បានជំរុញ​ឲ្យ​ក្រុម​និស្សិត​ ដែល​បង់​លុយ​តាម​រយៈ​ពួក​គាត់​ទាំង​បួន​នាក់​នោះ​ ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទាមទារ​លុយ​ម​ក​វិញ​ ដោយ​ចាត់​ទុក​ទង្វើ​របស់​ពួក​គាត់​ថា​ជា​«​អំពើ​ល្មើស​ច្បាប់»​។​

​នាង​ បាន​បញ្ជាក់ទៀត​ថា៖ ​«​នៅ​ពេល​នេះ ​ពួក​យើង​ខ្ញុំ​កំពុង​រង់​ចាំមើល​ចំណាត់​ការ​របស់​សាកល​វិទ្យាល័យ​ អំ​ពីបញ្ហានេះ ប៉ុន្តែ​បើ​សា​លា​តម្រូវ​ឲ្យ​ពួក​យើងបង់​ថ្លៃ​សាលា១​០០​ភាគ​រយឡើង​នោះ ​គឺ​ពួក​យើង​មិនព្រម​នោះ​ទេ ​ហើយ​ពួក​យើង​នឹង​ធ្វើការ​តវ៉ា​បន្ត​ទៀត»។​ ​ បើតាមស្ត្រីម្នាក់ជាអាជីករលក់ដូរបានបង្ហើបឲ្យដឹងថា​ ដើម្បី​បង្គ្រប់​បង់​ថ្លៃ​សាលា​ឲ្យ​កូន​ស្រីក្នុ​ង​មួយ​ឆ្នាំ​​ជាង​ ៤០០ ​ដុល្លារ​ គឺ​គាត់ចាំ​បាច់​ត្រូវ​ខ្ចី​អ្នក​ជិត​ខាង​បន្ថែម​ ព្រោះ​ចំនួន​នេះ​វា​ច្រើន​ណាស់​សម្រាប់​អ្នក​ក្រីក្រ​ដូច​គាត់ ​ដូច្នេះកា​រ​សិក្សា​របស់​កូន​ស្រី​គាត់​ត្រូវ​បន្ត​ទៅ​មុខ​ ឬ​ត្រូវ​បញ្ចប់​ នៅ​ពេល​នេះ ​គឺ​ អាស្រ័យ​លើ​ទំនួល​ខុស​ត្រូវរបស់​សាកល​វិទ្យាល័យ​»។

យ៉ាងណាក្នុងករណិនេះ សា​កល​វិទ្យាល័យ​ ក៏​បាន​អំពាវ​នាវ ដល់​ក្រុម​និស្សិត​រង​គ្រោះ​ទាំង​នោះ ​ឲ្យ​ប្រញាប់​ប្រញាល់​ទៅទារលុយ​ដែល​ខ្លួន​បង់​តាម​រយៈ​ជន​សង្ស័យ​ខាង​លើ​នេះ​ ត្រឡប់​មកវិញ ​និង​ ​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​​ទៅការិ​យា​ល័យ​​រ​ដ្ឋ​បាល និង​បុគ្គ​លិក ដើម្បី​ឲ្យ​សាកល​វិទ្យា​ល័យ​ជួយ​ដោះ​ស្រាយ​ និងចាត់​ចែង​រៀប​ចំពាក្យ​បណ្ដឹង​ប្រឆាំង​ជន​សង្ស័យ​ទាំង​បួននាក់​ខាង​លើ​​នេះ​​ទៅ​តាម​នីតិ​វិធី​ច្បាប់។

ខិត្តប័ណ្ណ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដដែល​នោះ ​បាន​គូស​បញ្ជាក់​ថា៖ «សា​កល​វិទ្យា​ល័យ មិន​​ទទួល​ស្គាល់​ និង​ មិន​ទទួល​ខុស​ត្រូវ ចំពោះការ​បង់​ប្រាក់​ដែល​ខុសពី​ការិយា​ល័យ​បេឡា​នោះ​ឡើយ»។ ​ជុំវិញ​ព័ត៌​មាន​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​និស្សិត​រង​គ្រោះ ​និង ​អា​ណា​ព្យា​បាល​របស់​​ពួក​គេ​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​នោះ​ទេ នឹង​ទាម​ទារ​ឲ្យ​សាកល​វិទ្យា​ល័យ​នេះ​ត្រូវតែ ទទួល​ខុស​ត្រូវ​​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ ដោយ​ពួក​គាត់​អះអាង​ថា ជន​សង្ស័យ​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស​ឆបោក​ខាង​លើ​នេះ ជា​សាស្ត្រា​ចារ្យ និង ជា​បុគ្គលិក​ ដែល​បម្រើ ​ការងារ​ផ្នែក​គណ​នេយ្យ​​និង​ហិរញ្ញ​វត្ថុ នៃសាកល​វិទ្យា​ល័យន័រតុននេះ ​។ រហូតមកដល់ពេលនេះសាលកវិទ្យាល័យនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ គេកំពុងចាំមើលថាតើជនសង្ស័យទាំង៤នាក់ខាងលើនិងអាចគេចផុតពីសំណាញ់ច្បាប់បាន ដែរឬទេ?

ទាក់ទិននឹងព័ត៌មានខាងលើ ភ្នាក់ងារកាសែតនគរវត្តបានព្យាយាមទូរស័ព្ទទៅកាន់ថ្នាក់ដឹកនាំ សា​កល​វិទ្យា​ល័យ​ន័រតុនកាលពីរសៀលថ្ងៃទី៧ខែវិច្ឆិកានេះ ដើម្បីសុំការបញ្ជាក់ពីបញ្ហានេះ តែទូរស័ព្ទចូលគ្មានអ្នកលើក ៕ ស តារា

 


ចែករំលែក៖