ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្នងការរងដឹកនាំកម្លាំងចុះកម្ទេចកញ្ឆា ៣៥៦៩ដើមម្ចាស់នៅឃុំតាលោ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងក្រោមឱវាទប្រមាណជិត ២០នាក់សហការជាមួយអាជ្ញាធ រឃុំតាលោ ភូមិតាំងគោក ចុះកម្ទេចការលួចលាក់ដាំដុះដំណាំកញ្ឆាចំនួន ៣៥៦៩ដើម។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីថ្ងៃត្រង់ ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចទ្រូងខ្លា ស្ថិតក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការកម្ទេចការដាំដុះដំណាំកញ្ឆាបានចំនួន ១០កន្លែង មានចំនួន ៧៩រង ស្មើនឹងចំនួន ៣៥៦៩ដើម ក្នុងនោះដើមកញ្ឆាចាស់ឡើងគុល្លីចំនួន ២៥៨៦ដើម ទើបដាំថ្មីចំនួន ៩៨៣ដើម និងវត្ថុតាងមួយចំនួនទៀតរួមមាន ម៉ាសុីនបូមទឹកម៉ាក ហុីណូតា ពណ៏ក្រហម ចំនួន ១គ្រឿងត ទុយយោជ័រចំនួន ៦ដុំ ក្នុង ១ដុំៗមានប្រវែងចំនួន ៥០ម៉ែត្រ ធុងបាញ់ថ្នាំចំនួន ១គ្រឿង អាវុធកែច្នៃ(កាំភ្លើងស្នប់)ចំនួន ២ដើម និងកញ្ឆាស្ងួតទម្ងន់ចំនួន ៥គីឡូក្រាមផងដែរ។

លោក អនុសេនីយ៍ឯក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោបន្តថា កញ្ឆាត្រូវបានកំទេចខ្លះគេដាំនៅលើដីឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន និងខ្លះទៀតគេដាំនៅលើដីចំការអ្នកផ្សេងក្បែគ្នានោះ ហើយអ្នកដាំដើមកញ្ឆានេះមានឈ្មោះ រីុ ភេទប្រុស មកពីខេត្តតាកែវ(រត់គេចខ្លួន)។

លោក បន្តទៀតថា វត្ថុតាងដើមកញ្ឆាទាំងចំនុច ៣៥៦៩ដើមបានសម្រេចដុតកំទេចចោលនៅនឹងកន្លែ ចំណែកសម្ភារផ្សេងៗបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាកាន ករណីខាងលើសមត្តកិច្ចនគរបាលនៅបន្តធ្វើការស្រាវជ្រាវនៅឡើយ ហើយនឹងបន្តហៅម្ចាស់ដីចំការជួលឈ្មោះ នូវ នឿន ធ្វើការសួរនាំទៀត ៕ ប៉ឹម ពិន


ចែករំលែក៖