ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូវ៉ារួចប៉ះដៃម៉ូតូផ្សេងទៀតដួលចូលរថយន្តបែនដឹកដីមកពីក្រោយបុកកិនអូសស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានបែកក្បាលធ្លាយពោះស្លាប់គួរឲ្យញាក់សាច់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូជែងរួចប៉ះដៃម៉ូតូផ្សេងទៀត បណ្ដាលឲ្យដួលត្រូវរថយន្តបែនដឹកដីមកពីក្រោយបុកកិនអូសកាលពីថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង១០នាទីរសៀល នៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះជា សុងហេង អាយុ៤១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា វ៉េវវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានពត ដឹម ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ ដោយធ្វើដំណើរពីលិចមកកើតហើយក៏បានជែងស្រាប់តែប៉ះដៃចង្កូតម៉ូតូមួយផ្សេងទៀត បណ្ដាលឲ្យដួលត្រូវរថយន្តបែនដឹកដីម៉ាក HYUNDAY ពណ៌ទឹកប្រាក់ ស្លាកលេខ ស្វាយរៀង កំពង់ចាម ៣A ៥៧៥១ប្រើប្រាស់ល្បឿនលឿនមកពីក្រោយបុកកិនអូសធ្លាយពោះវៀនបែកក្បាលគួរឲ្យញាក់សាច់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់មកសាកសួរ និងវាស់វែង និងអូសយកមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖