ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបរទេសបានចូលទៅផឹកសុីនៅក្នុងបារបារាំងមួយកន្លែង នៅម្តុំជិតផ្សារកណ្តាល លុះពេលដល់ស្រវឹង ស្រាប់តែបង្កការអុកឡុក និងរករឿងស្រីៗ ក្នុងបារបារាំង ត្រូវស្រីៗខឹងក៏វាយបណ្តាលឲ្យរងរបួសបែកក្បាលតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង១៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៣០ នៅចំណុចបារបារាំងមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ មានជនជាតិបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យប្រហែល៣១ ឆ្នាំបានចូលទៅក្នុងហាងបារបារាំងមួយកន្លែងនៅម្តុំផ្សារកណ្តាល ហើយជនជាតិបរទេសរូបនោះផឹកអស់ស្រាជាច្រើន លុះពេលដែលស្រវឹងជនជាតិបរទេសនោះ ស្រាប់តែមិនព្រមគិតលុយ ថែមទាំងរករឿងស្រីៗក្នុងបារ និងបង្កការអុកឡុកក្នុងបារហើយជនបរទេសនោះ បានវាយទៅលើស្រីៗទើបសន្តិសុខគាត់ចូលទៅហាមឃាត់ត្រូវជនបរទេសនោះ វាយទៀតទើបសន្តិសុខទ្រាំអត់បានក៏វាយមួយអាយកូមបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ផ្អើលទៅដល់ស្រីៗក្នុងបារ នាំគ្នាចោមរោមមើលហើយភ្លាមៗនោះដែរ រថយន្តសង្គ្រោះក៏បានមកដល់ប៉ុន្តែជនជាតិបរទេសនោះមិនព្រមឡើងទៅរថយន្តសង្គ្រោះទេ ។
ក្រោយពេលកើតហេតុបានសមត្ថកិច្ចជួយនិយាយ និងលួងលោមទើបជនជាតិបរទេសនោះព្រមឡើងរថយន្តសង្គ្រោះរួចទៅព្យាបាលបាត់ទៅ ៕ ចាន់ធឿន